(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា នាយកប្រតិបត្តិជាន់ខ្ពស់របស់ Apple លោក Steve Hotelling ដែលបានដើរតួរយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍អេក្រង់ Touchscreen និង Touch ID របស់ iPhone កំពុងចាកចេញពីក្រុមហ៊ុនបន្ទាប់ពីរយៈពេលពីរទសវត្សរ៍។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣។

Hotelling ត្រូវបានគេដាក់ឈ្មោះនៅលើប៉ាតង់ជាច្រើនដែលទាក់ទងនឹង Touch Screen របស់ iPhone ហើយក៏ត្រូវបានគេស្គាល់ថាជាអ្នកបង្កើត Touch ID ដំបូងគេផងដែរ។ មិនត្រឹមតែប៉ុណ្ណោះលោកក៏ជាអ្នក មើលការខុសត្រូវលើក្រុមវិស្វករខាងផ្នែកផលិតកាមេរ៉ារបស់ក្រុមហ៊ុន និងជាអ្នកផ្តួចផ្តើមគំនិតលើដំណើរការផលិត Augmented reality (AR) របស់ iPhone។

យ៉ាងណាមិញជុំវិញមូលហេតុនៃការចាកចេញនេះ ក្រុមហ៊ុន Apple នៅមិនទាន់មានការធ្វើអត្ថាធិប្បាយជាផ្លូវនោះទេ ប៉ុន្តែការលាឈប់នេះត្រូវបានប្រភពឱ្យដឹងថា ដោយសារលោក Hotelling ដល់ពេលត្រូវចូលនិវត្តន៍។

គួរជម្រាបដែរថា លោក Hotelling បានចូលបម្រើការងារនៅ Apple ចាប់តាំងពីឆ្នាំ២០០១ មកម្លេះ ហើយគិតមកទល់ពេលនេះមានរយៈពេលជាង ២០ឆ្នាំមកហើយ ដោយលោកបានកសាងស្នាដៃជាច្រើននៅក្នុងក្រុមហ៊ុន Apple៕