(បរទេស)៖ រឿង «Squid Game: The Challenge» គឺជាការចូលរួមហ្គេមពិតៗ ដោយមនុស្សចំនួន ៤៥៦នាក់ មកពីជុំវិញពិភពលោក ដែលផ្អែកលើខ្សែភាពយន្តកូរ៉េដ៏ពេញនិយម «Squid Game» ដើម្បីឈ្នះរង្វាន់បានប្រាក់ ៤.៥៦លានដុល្លារ។ នៅទីបញ្ចប់ នៅសល់បេក្ខនជនចំនួន៣នាក់ ដែលដល់វគ្គចុងក្រោយ គឺបេក្ខនារីលេខ២៨៧ ឈ្មោះ Mai, លេខ៤៥១ ឈ្មោះ Phil និងម្នាក់ទៀតឈ្មោះ Sam Lantz ដែលបានចាកចេញពីហ្គេមមុនគេ ក្នុងចំណោម៣នាក់នេះ។ ក្នុងចំណោមអ្នកទាំង៣ គឺបេក្ខនារី Mai ដែលជាជនជាតិ អាស៊ី-អាមេរិក អាយុ ៥៥ ឆ្នាំ ជាអ្នកទទួលជ័យជំនះ។ នេះបើតាមការចេញ្ផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣។

Rock, Paper Scissors មិនមែនជាហ្គេមដ៏សាមញ្ញនោះទេ ត្បិតថាបេក្ខនារីដែលឈ្នះគ្រប់វគ្គនោះ ត្រូវរើសកូនសោពីប្រអប់មួយ ដើម្បីព្យាយាមបើកទៅកន្លែងសុវត្ថិភាព។ បន្ទាប់ពីប្រកួតជាច្រើនជុំ Mai Whelan ទទួលបានជ័យជម្នះ ពេលនាងបើកប្រអប់ ដើម្បីយកកាតមាស របស់នាងដែលមានប្រាក់រង្វាន់។  Whelan បាននិយាយថា ក្រោយទទួលជ័យជំនះថា «ថ្ងៃនេះគ្រាន់តែបញ្ជាក់ថាអ្វីគ្រប់យ៉ាងគឺអាចធ្វើទៅបាន។ សូម្បីតែនៅពេលដែលអ្នកមានអារម្មណ៍ធ្លាក់ចុះ និងភ័យខ្លាចក៏ដោយ អ្នកគ្រាន់តែត្រូវជ្រើសរើសខ្លួនអ្នក ធ្វើជាមនុស្សរឹងមាំ ហើយផ្តោតលើអ្វីដែលអ្នកកំពុងធ្វើ នោះអ្នកទទួលបាន ហើយអ្នកអាចសម្រេចបានអ្វីទាំងអស់»

គួរជម្រាបថា Mai Whelan ដែលជាអ្នកឈ្នះក្នុងការលេងហ្គេមដ៏ល្បីនេះ ជាជនភៀសខ្លួនវៀតណាមទៅកាន់សហរដ្ឋអាមេរិក។ លោកស្រីគ្រោងប្រើប្រាស់ប្រាក់រង្វាន់នេះ ដើម្បីជួសជុលផ្ទះតូចមួយ រួមទាំងការសាងសង់កន្លែងចតតូចមួយសម្រាប់ទូកផងដែរ។ លោកស្រីក៏នឹងប្រើប្រាក់នេះ ក្នុងបុព្វហេតុ សប្បុរសធម៌ផងដែរ ដោយលោកស្រីសង្កត់ធ្ងន់ថា «បេះដូងរបស់ខ្ញុំនៅជាមួយមនុស្ស សត្វ និងការប្រែប្រួលអាកាសធាតុ...»