(ភ្នំពេញ)៖ ក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដាយ ១៦គ្រឿងប្ថែមទៀតហើយ នៅក្នុងថ្ងៃទី៣ នៃការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ កាលពីថ្ងៃទី០៨ ខែធ្នូម្សិលមិញ ពិសេសការដណ្ដើមបានមេដាយមាស ១គ្រឿង របស់ម្ចាស់មេដាយមាសស៊ីហ្គេម ស៊ូ បាលី ដែលនាំឲ្យម្ចាស់ផ្ទះកម្ពុជា ឡើងឈរលើក្រុមចំបាប់ហ្វីលីពីនវិញ គ្រាដែលវៀតណាម នៅតែបន្ដភាពខ្លាំងរបស់ខ្លួន។

សម្រាប់លទ្ធផលបច្ចេកទេសការប្រកួតថ្ងៃទី៣ ដែលជាការប្រកួតកីឡាករ-កីឡាការិនីពេញវ័យខាងលើ ក្រុមអត្តពលិកវៀតណាម នៅតែឈរមុខគេ បន្ទាប់ពីពួកគេដណ្ដើមបានមេដាយបន្ថែម ២១គ្រឿង ក្នុងនោះមានមេដាយមាស ១៨ និងប្រាក់ ៣។ សរុបការប្រកួត ៣ថ្ងៃ វៀតណាម ឈរកំពូលតារាង ដោយដណ្ដើមបានមេដាយសរុប ៧៤គ្រឿង (មាស ៦១ ប្រាក់ ១២ និងសំរឹទ្ធ ១)។

ចំណែកក្រុមម្ចាស់ផ្ទះកម្ពុជា ក្រោយដណ្ដើមបានមេដាយ ១៦គ្រឿងបន្ថែម គឺមានមេដាយមាស ១ ប្រាក់ ១០ និងសំរឹទ្ធ ៥ បានឡើងទៅឈរលេខ៣ ក្នុងតារាងពិន្ទុបណ្ដោះអាសន្ន ដោយសរុបលទ្ធផល ៣ថ្ងៃ កម្ពុជាដណ្ដើមបានមេដាយចំនួន ៣៦គ្រឿង (មាស ២ ប្រាក់ ២០ និងសំរឹទ្ធ ១៤) តាមពីក្រោយក្រុមភ្ញៀវថៃ ដែលឈរលេខ២ ដណ្ដើមបានមេដាយសរុប ១៨គ្រឿង (មាស ៣ ប្រាក់ ៩ និងសំរឹទ្ធ ៦) តែនាំមុខក្រុមហ្វីលីពីន ដែលដណ្ដើមបានមេដាយសរុប ២៥គ្រឿង (មាស ១ ប្រាក់ ១៤ និងសំរឹទ្ធ ១០)។

ក្រឡេកទៅមើលអត្តពលិក ៣ប្រទេសផ្សេងទៀត រួមមានក្រុមសិង្ហបុរី បន្ដឈរលេខ៥ ដណ្ដើមបានមេដាយសរុប ៩គ្រឿង (មាស ១ ប្រាក់ ៦ និងសំរឹទ្ធ ២) គ្រាដែលឥណ្ឌូនេស៊ី ឈរលេខ៦ ដណ្ដើមបានមេដាយសរុប ១៤គ្រឿង (ប្រាក់ ៥ និងសំរឹទ្ធ ៩) និងក្រុមអត្តពលិកឡាវ ឈរលេខ៧ ដណ្ដើមបានមេដាយប្រាក់ ១ និងសំរឹទ្ធ ១ សរុប ២គ្រឿង។ សម្រាប់ការប្រកួតកីឡាចំបាប់ជើងឯកថ្នាក់តំបន់នេះ នឹងត្រូវបញ្ចប់នាថ្ងៃទី០៩ ខែធ្នូស្អែក នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ៕