(បរទេស)៖ ស្មាតហ្វូនជំនាន់ថ្មីរបស់ Apple ម៉ូដែល iPhone SE 4 ជាប្រភេទស្មាតហ្វូនមានតម្លៃសមរម្យ នឹងគ្រោងចេញលក់នៅឆ្នាំ២០២៤ ខាងមុខនេះ ត្រូវបានគេរាយការណ៍មកថា នឹងត្រូវបានបំពាក់ដោយថាមពលថ្មដែលមានកម្លាំងខ្លាំងដូចគ្នានៅលើ iPhone 14 ជាលើកដំបូង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣។

ប្រភពពី MacRumors បានឱ្យដឹងថា iPhone SE 4 នឹងត្រូវបានបំពាក់ដោយថ្មប្រភេទ Li-Ion ដែលមានលេខកូដដូចគ្នាទៅនឹង iPhone 14។ មិនត្រឹមតែប៉ុណ្ណោះថ្មដែលប្រើនៅលើ iPhone SE 4 នេះត្រូវបានប្រភពគូសបញ្ជាក់នឹងកាន់ថ្មបានយូរជាងបើធៀងនឹងគំរូស្មាតហ្វូនដើមរបស់គេ ហើយអាចកម្លាំងខ្លាំងជាងមុនថែមទៀតផង។

នេះមិនមែនជាលើកទី១ ទេដែលមានពាក្យចចាមអារ៉ាមអំពីការផ្លាស់ប្តូរបច្ចេកវិទ្យាថ្មីនៅលើ iPhone SE 4។ យោងតាមរបាយការណ៍លេចធ្លាយកន្លងមកធ្លាប់បានអះអាងថា iPhone SE 4 នឹងចេញមកជាមួយនឹងអេក្រង់ប្រភេទ OLED ដែលមានប្រភពមកពី BOE ដែលធ្វើឱ្យវាក្លាយជាម៉ូដែល SE ដំបូងគេដែលផ្លាស់ប្តូរពីអេក្រង់ LCD ។ មិនត្រឹមតែប៉ុណ្ណោះ iPhone SE 4 ក៏នឹងបំពាក់នូវប៊ូតុង Action Button និងរន្ធ USB-C ផងដែរ។

គួរជម្រាបដែរថា ការសម្រេចផ្លាស់ប្តូរថាមពលនៅលើ iPhone SE 4 នេះទំនងជា Apple ចង់កាត់បន្ថយចំណាយ ខណៈការប្រើប្រាស់ថ្មដែលមានស្រាប់នៅលើ iPhone 14 នឹងធ្វើឱ្យ Apple ចំណេញពេលក្នុងការស្រាវជ្រាវ ហើយក៏អាចបញ្ចុះតម្លៃ iPhone SE 4 បានទាបជាងមុនមួយកម្រិតទៀតផងដែរ៕