(កូរ៉េ)៖ តារា TikTok ល្បីឈ្មោះម្នាក់របស់កូរ៉េខាងត្បូង ឈ្មោះថា Seo Won Jeong អាយុ២៧ឆ្នាំ ដែលមានអ្នក Follow ជាង៥៥លាននាក់នោះ ស្រាប់តែបាត់ខ្លួនពីបណ្តាញសង្គមជាច្រើនខែ ដែលធ្វើឲ្យអ្នកគាំទ្រមានចម្ងល់ជាខ្លាំង ពីការអវត្តមានរបស់តារារូបនេះ តែយ៉ាងណានៅពេលនេះ ស្រាប់តែមានការចុះផ្សាយថា រូបលោកកំពុងតែស្ថិតក្រោមការសង្ស័យករណីរំលោភសេពសន្ថវៈ ប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Koreaboo នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។

ស្របពេលមិនមានការបង្ហោះវីដេអូថ្មីៗលើបណ្តាញសង្គមជាច្រើនខែ ពីសំណាក់លោក Seo Won Jeong ក៏ស្រាប់តែមានការចុះផ្សាយពីសារព័ត៌មាន SBS ដោយមិនបញ្ចេញឈ្មោះជនសង្ស័យ តែអះអាងថា មាន Influencer ម្នាក់ និងមិត្តភ័ក្តិប្រុសរបស់គេ ត្រូវបានចាប់ខ្លួន ករណីរំលោភសេពសន្ថវៈ។ ព័ត៌មានបានសង្កត់ធ្ងន់ថា ដើមឡើយតារាប្រុសរូបនេះ និងមិត្តភក្ដិប្រុសម្នាក់ទៀត បានទៅផឹកស៊ីជាមួយមិត្តភក្ដិស្រីម្នាក់ ហើយបានបង្ខំឲ្យនាងផឹករហូតស្រវឹងសន្លប់លែងដឹងខ្លួន បន្ទាប់មកតារាប្រុសរូបនោះ និងមិត្តភក្ដិប្រុស ក៏បាននាំនារីរូបនេះទៅផ្ទះរបស់ខ្លួនហើយបានរំលោភ លុះដល់នាងភ្ញាក់ដឹងខ្លួន នាងបានឮសម្លេងដូចកំពុងថតវីដេអូ ដូច្នេះនាងក៏បានខលហៅប៉ូលីស ហើយនៅពេលប៉ូលីសមកដល់ ពួកគេមិនព្រមបើកទ្វានោះទេ រហូតដល់មានកងកម្លាំងអគ្គីភ័យចុះមកជួយធ្វើអន្តរាគមន៍ ទម្លាយទ្វាចូលទើបចាប់ខ្លួនបាន។

ទោះបីព័ត៌មាន មិនបានបង្ហាញពីឈ្មោះ ឬមុខរបស់ Seo ដោយដាក់ព្រិលៗក៏ដោយ ប៉ុន្តែតាមរយៈ Background វីដេអូ គឺមហាជនសម្គាល់ដឹងបានទៅហើយថាជាតារារូបនេះ។

គួរជម្រាបថា ក្រោយការស៊ើបអង្កេត ប៉ូលីសក្រុង Seoul Gangnam បានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ហើយប្រសិនបើរកឃើញថា លោកពិតជាបានប្រព្រឹត្តិបទល្មើសមែននោះ លោកប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ ពីបទរំលោភសេពសន្ថវៈ ចំណែកការថតវីដេអូខុសច្បាប់ ត្រូវបានច្រានចោលដោយខ្វះភស្តុតាង ខណៈសវនាការដំបូង គ្រោងធ្វើនៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៤៕