(ភ្នំពេញ)៖ លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានចាត់ទុកការប្រកួតសាកល្បងសមត្ថភាពអន្ដរជាតិ ទល់នឹងជម្រើសជាតិកាតានាចុងសប្ដាហ៍នេះ គឺជាឱកាសល្អសម្រាប់កីឡាករកម្ពុជា ពិសេសលោកសង្ឃឹមថា នឹងមានកីឡាករផ្សេងទៀត នឹងទទួលបានឱកាសទៅប្រកបអាជីពនៅកាតាដូច សៀង ចន្ធា ដែរ។
ការបង្ហាញសុទិដ្ឋិនិយមបែបនេះ ស្របពេលក្រុមជម្រើសជាតិកម្ពុជា បានចាប់ផ្ដើមធ្វើការប្រមូលផ្ដុំហ្វឹកហាត់ នៅពហុកីឡដ្ឋានជាតិអូឡាំពិកនាល្ងាចថ្ងៃអង្គារម្សិលមិញ មុនចេញដំណើរទៅទីក្រុងដូហានាល្ងាចថ្ងៃទី២៨ ខែធ្នូស្អែក ដើម្បីត្រៀមការប្រកួតសាកល្បងសមត្ថភាពអន្ដរជាតិ ជាមួយក្រុមម្ចាស់ផ្ទះកាតា នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ។
លោក Felix បានបញ្ជាក់ថា ទោះបីការប្រកួតនេះ មិនមែនជាការប្រកួតមិត្តភាពអន្ដរជាតិផ្លូវការ តែជាការជួបក្រុមជម្រើសជាតិកម្រិតពិភពលោក ដែលធ្លាប់ចូលរួមការប្រកួតពានរង្វាន់ពិភពលោក និងឈ្នះក្រុមខ្លាំងៗមួយចំនួននេះ គឺជាឱកាសដ៏ល្អសម្រាប់កីឡាករកម្ពុជា ដែលត្រូវប្រកួតប្រជែងជាមួយក្រុមខ្លាំងបែបនេះ ដើម្បីប្រៀបធៀបពីសមត្ថភាពជាមួយកីឡាករកម្រិតពិភពលោក។
លោកថា «មូលហេតុដែលយើងចូលរួមការប្រកួតនៅកាតា ប៉ះជាមួយក្រុមជម្រើសជាតិកាតា ក៏ព្រោះក្រុមជម្រើសជាតិកាតា គាត់បានអញ្ជើញក្រុមយើងទៅលេង ដែលជាឱកាសមួយ សម្រាប់ឲ្យក្រុមយើងធ្វើការប្រកួតប្រជែងជាមួយក្រុមកម្រិតខ្ពស់។ យើងដឹងហើយថា យើងមានកីឡាករជម្រើសជាតិម្នាក់គឺ សៀង ចន្ធា កំពុងលេងលីគទី២ នៅកាតា។ អ៊ីចឹងនេះគឺជាស្ពានមួយ សម្រាប់បើកផ្លូវឲ្យកីឡាកររបស់យើងផ្សេងៗទៀត មានឱកាសទៅប្រកួត និងប្រកបអាជីពនៅកាតាដូចគ្នា»។
គ្រូបង្វឹកជនជាតិអាហ្សង់ទីនដដែល បានបង្ហាញនូវក្ដីរំពឹង ចំពោះការប្រកួតខាងលើទៀតថា «ទី១-កីឡាករយើងអាចប្រៀបធៀបសមត្ថភាពខ្លួនឯង ជាមួយកីឡាករកម្រិតពិភពលោក តើកម្រិតយើង និងកម្រិតគេខុសគ្នាដូចម្ដេចខ្លះ? ហើយអ្វីខ្លះ ដែលយើងអាចធ្វើបាន អ្វីខ្លះដែលយើងត្រូវបន្ថែម? អ៊ីចឹងយល់ពីអ្វីដែលពួកគាត់ត្រូវការ ដើម្បីធ្វើឲ្យខ្លួនកាន់តែល្អប្រសើរ តាមរយៈការប្រៀបធៀបយើងជាមួយកីឡាករកម្រិតពិភពលោក»។
ទន្ទឹមជាមួយគ្នាដែរ លោក Felix Dalmas ក៏បានសម្ដែងការសោកស្ដាយ ចំពោះការប៉ះទង្គិច និងរងរបួស រហូតត្រូវធ្វើការវះកាត់កជើងស្ដាំរបស់ខ្សែការពារ ជួន ចាន់ចាវ ក្នុងជំនួបទល់ក្រុមម្ចាស់ផ្ទះ ISI កាលពីថ្មីៗ មិនអាចរួមដំណើរជាមួយក្រុមគោព្រៃ។ លោកថា ចាន់ចាវ គឺជាកីឡាករដ៏សំខាន់មួយរូប ទាំងនៅជម្រើសជាតិ និងនៅក្លិប ហើយលោករំពឹងថា រូបគេនឹងរឹងមាំ ហើយជម្នះឧបសគ្គមួយនេះ ដើម្បីអាចត្រឡប់មកកាន់ទីលានម្ដងទៀត ជាមួយភាពខ្លាំងដដែល៕