(ភ្នំពេញ)៖ ក្រុមហ៊ុនអភិវឌ្ឍន៍ Canopy Sands Development បានចាប់ដៃគូជាមួយក្រុមហ៊ុនជំនាញផ្សព្វផ្សាយពាណិជ្ជកម្មបែបឌីជីថល International Airport Advertising Corporation (IAAC) ដើម្បីធ្វើឲ្យគម្រោងអភិវឌ្ឍន៍ Bay of Lights កាន់តែមានកេរ្តិ៍ឈ្មោះល្បីសុះសាយ និងជាគម្រោងអភិវឌ្ឍន៍ដែលឈានមុខគេលើការផ្សព្វផ្សាយបែបឌីជីថល។
កិច្ចសហការនេះធ្វើឡើងចាប់ពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ក្រោមក្ដីរំពឹងថា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទំនើបៗជាច្រើនរបស់ក្រុមហ៊ុន International Airport Advertising Corporation (IAAC) គម្រោងអភិវឌ្ឍន៍ Bay of Lights ដែលស្ថិតលើដែនដីនៃឈូងសមុទ្ររាម នឹងអាចបង្កើតជាស្តង់ដាថ្មីសម្រាប់គម្រោងអភិវឌ្ឍន៍ទីក្រុងនាពេលអនាគត តាមរយៈការដាក់បញ្ចូលគ្នារវាងភាពច្នៃប្រឌិត ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយ។
ភាពជាដៃគូនេះនឹងចូលរួមចំណែកក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ចខេត្តព្រះសីហនុ តាមរយៈការទាក់ទាញក្រុមហ៊ុនម៉ាកយីហោល្បីៗ និងម្ចាស់អាជីវកម្ម ដែលស្វែងរកការផ្សព្វផ្សាយពាណិជ្ជកម្មក្នុងតំបន់មានសក្ដានុពល ដែលកត្តានេះនឹងជួយបង្កើនសកម្មភាពសេដ្ឋកិច្ច រួមទាំងជួយបង្កើនភាពទាក់ទាញនៃគម្រោង Bay of Lights ថែមមួយកម្រិតផងដែរ។
ដោយសង្កេតឃើញថាពិភពលោកកំពុងមាននិន្នាការលើការផ្សព្វផ្សាយដែលប្រកបដោយប្រសិទ្ធភាពនោះ ភាពជាដៃគូរវាងក្រុមហ៊ុនទាំងពីរ នឹងផ្ដោតសំខាន់លើការបង្កើតមាតិកាពាណិជ្ជកម្មដែលស្របទៅតាមចំណង់ចំណូលចិត្តពលរដ្ឋក្នុងតំបន់ ក៏ដូចជាភ្ញៀវទេសចរផងដែរ ដែលវានឹងជួយបង្កើនភាពស្និទ្ធស្នាល ធ្វើឲ្យគម្រោង Bay of Lights ក្លាយជាទីកម្សាន្តដ៏ល្អឯកមួយ។
ក្រុមហ៊ុន Canopy Sands Development រួមជាមួយក្រុមហ៊ុន International Airport Advertising Corporation (IAAC) សុទ្ធតែជាក្រុមហ៊ុនដែលមានការប្ដេជ្ញាខ្ពស់ចំពោះការការពារបរិស្ថាន ដូចនេះហើយកិច្ចសហការនេះនឹងមានការកំណត់ជាស្តង់ដាដ៏តឹងរឹងមួយ ដើម្បីធានាឲ្យបានថាវត្តមាននៃការផ្សព្វផ្សាយបែបឌីជីថល នឹងមានតែផលវិជ្ជមានលើប្រព័ន្ធអេកូនៃគម្រោង Bay of Lights។
លោក Edward Lee នាយកគ្រប់គ្រងគម្រោង Bay of Lights បានសង្កត់ធ្ងន់ថា ការចាប់គូជាមួយក្រុមហ៊ុន International Airport Advertising Corporation (IAAC) ប្រៀបបានជាការបោះជំហានទៅកាន់អនាគតនៃការរស់នៅក្នុងទីក្រុង។
លោកបានបន្ថែមថា «យើងមិនអភិវឌ្ឍតែទីក្រុងនោះទេ យើងកំពុងបង្កើតនូវតំបន់ឌីជីថលដ៏ទាក់ទាញមួយ ដែលនឹងក្លាយជាស្តង់ដាថ្មីសម្រាប់ការរស់នៅក្នុងទីក្រុង»។
* អំពីគម្រោង Bay of Lights៖
Bay of Lights គឺជាគម្រោងអភិវឌ្ឍន៍លំដាប់ពិភពលោកមានទំហំវិនិយោគ១៦ពាន់លានដុល្លារអាមេរិក លាតសន្ធឹងលើផ្ទៃដីទំហំ៩៣៤ហិកតា នៅលើដែនដីនៃឈូងសមុទ្ររាម។ ទទួលយកបទពិសោធន៍នៃការរស់នៅជាមួយការកម្សាន្ត ប្រកបដោយទេសភាពធម្មជាតិដ៏ស្រស់ត្រកាល។
* អំពីក្រុមហ៊ុន International Airport Advertising Corporation (IAAC)៖
IAAC គឺជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម និងផ្សព្វផ្សាយមាតិកា ដែលជំនាញលើសេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្ម និងប្រឹក្សាយោបល់ ទាក់ទងនឹងការផ្សព្វផ្សាយតាមទីសាធារណៈ ការធ្វើទីផ្សារនិងការលក់ផ្ទាំងផ្សព្វផ្សាយនៅតាមទីក្រុង ក៏ដូចជាតាមព្រលានយន្តហោះជាច្រើន៕