(ភ្នំពេញ)៖ តារាសម្ដែងលោក ស៊ីនឌី បានធ្វើឲ្យស្រីស្អាត ហ៊ិន ច័ន្ទនីរ័ត្ន មានសម្រស់ស្រស់ស្អាតដូចទេពអប្សរនៅថ្ងៃអាពាហ៍ពិពាហ៍ របស់នាងជាមួយលោក ឌី ពេជ្រ កាលពីពេលថ្មីៗនេះ។ ការបន្ថែម និងលើកសម្រស់ឲ្យ ច័ន្ទនីរ័ត្ន បានស្អាតតាំងពីចុងជើងដល់ចុងសក់បែបនេះដោយសារតែពិធីការិនីបាយ័នរូបនេះ បានជ្រើសរើសឈុតប្រពៃណីខ្មែរគ្រងនៅលើដងខ្លួននាងពីហាងស៊ីនឌី សំអាងការ ទើបលោកស៊ីនឌី មានការសម្រិតសម្រាំងជាពិសេសដល់កូនក្រមុំរូបនេះ ឲ្យកាន់តែមានសម្រស់លេចត្រដែតបំផុត នៅថ្ងៃពិសេសរបស់នាង ធ្វើឲ្យភ្ញៀវទាំងឡាយចាប់អារម្មណ៍នាងបំផុតនៅថ្ងៃអាពាហ៍ពិពាហ៍ របស់ពិធីការិនីល្បីឈ្មោះរូបនេះ។

តារាសម្ដែង ស៊ីន ឌី បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា ឈុតសម្លៀកបំពាក់ និងគ្រឿងអលង្ការពីហាងស៊ីនឌី សំអាងការរបស់លោកពិតជាមិនឲ្យច័ន្ទនីរ័ត្ន ខកចិត្តមែន ព្រោះតែលោកសម្រិតសម្រាំងជាពិសេសសបំផុតជូននាង។​ ហេតុនេះហើយនីរ័ត្ន ដែលមានសម្រស់ស្អាតស្រាប់ពីធម្មជាតិកាន់តែស្អាតទ្វេដង ពេលគ្រងសម្លៀកបំពាក់ប្រពៃណីខ្មែរតាមក្បួនខ្នាត គឺស្អាតបែបស្រទន់។

លោក ស៊ីនឌី បន្ថែមថាឈុតប្រពៃណីពីហាងស៊ីនឌី សំអាងការ មានគ្រប់ម៉ូដទៅតាមអតិថិជនកុម្ម៉ង់ជាលំនាំប្រពៃណីបុរណ, ប្រពៃណីច្នៃមកជាសម័យបច្ចុប្បន្នក៏មានដែរ ហើយលោកពិតជាមានមោទនភាព ដែលឃើញឈុតទាំងនោះគ្រងលើដងខ្លួនកូនក្រមុំដូចជា ហ៊ិន ច័ន្ទនីរ័ត្ន ឬកូនក្រមុំផ្សេងទៀត ពិតជាស្រស់ស្អាតខ្លាំងណាស់ គឺស្អាតបែបខ្មែរ។

លោកបានរំលេចថា កូនក្រមុំក្រៅពីស្អាតហើយការជ្រើសរើសសំអាងការ សម្លៀកបំពាក់ គឺជារឿងសំខាន់ ព្រោះកាលណាយើងរៀបចំឈុតទាំងនោះឲ្យស័ក្តិសម ជាមួយកូនក្រមុំរបស់យើងឲ្យត្រឹមត្រូវទៅតាមសម្លៀកបំពាក់ និងគ្រឿងអលង្ការហើយ គឺនឹងធ្វើឲ្យកូនក្រមុំកាន់តែមានសម្រស់ទាក់ទាញឡើងៗជាមួយ និងទំនុកចិត្តកាន់តែខ្ពស់នៅថ្ងៃពិសេសរបស់នាងដែលក្នុងមួយជីវិតមានតែម្ដងនោះ។

គួរបញ្ជាក់ថា មង្គលការរបស់​តារាសម្ដែង ហ៊ិន ច័ន្ទនីរ័ត្ន ជាមួយលោក ឌី ពេជ្រ កាលពីថ្ងៃទី២២ ខែឆ្នាំ២០២៣ ដែលរៀបចំនៅកោះពេជ្រ ៣អគារបញ្ចូលគ្នានោះត្រូវបានគេចាត់ទុកថា ជាពិធីរៀបការការធំជាងគេសម្រាប់តារាខ្មែរប្រចាំឆ្នាំ២០២៣ ដោយភ្ញៀវមានទាំងថ្នាក់ដឹកនាំ,មន្រ្ដីធំៗ,អ្នកជំនួញធំៗ រួមទាំងតារាល្បីៗជាច្រើនដួង។ ក្នុងឈុតកូនក្រមុំដ៏ស្រស់ស្អាតដែលផ្លាស់ប្ដូរជាច្រើនឈុតនោះ ហ៊ិន ច័ន្ទនីរ័ត្ន ពិតជាមានភាពជឿជាក់លើខ្លួនខ្លាំងនៅថ្ងៃអាពាហ៍ពិពាហ៍របស់នាង ហើយនៅលើហ្វេសប៊ុកនាង ក៏បានអរគុណដល់ស៊ីនឌី សំអាងការផងដែរ ដែលធ្វើឲ្យនាងក្លាយទៅជាព្រះនាងនៅថ្ងៃនោះ។

លោក ស៊ីនឌី បញ្ជាក់ថាលោកបើកស៊ីនឌី សំអាងការ នេះឡើងដើម្បីចង់រក្សានូវសម្លៀកបំពាក់បុរាណខ្មែរ និងគ្រឿងអលង្ការពីបុរាណមានដូចជា ឃ្នាប កងដៃ កងជើងជាដើម ហើយពេលរបស់ទាំងនោះនៅលើដងខ្លួននារីខ្មែរ គឺពិតជាស្រស់ស្អាត។ ប៉ុន្ដែលោកថា ក្នុងនាមជាម្ចាស់ហាងស៊ីនឌី សំអាងការ លោកមិនមែនប្រើឈុតបុរាណទាំងស្រុងគ្រប់ពេលវេលាទេ គឺបុរាណច្នៃមកជាសម័យបច្ចុប្បន្នក៏មាន ពោលគឺទៅតាមអតិថិជនចង់បាន ហើយលោកមានតែអរគុណដល់ភ្ញៀវទាំងអស់ដែលជឿជាក់លើស៊ីនឌី សំអាងការរបស់លោក ក្នុងនោះមានទាំង ហ៊ិន ច័ន្ទនីរ័ត្ន និងស្វាមីរបស់នាងផងដែរ៕