(ភ្នំពេញ)៖ ស្របជាមួយនឹងការរីកចម្រើនសេដ្ឋកិច្ច  និងកំណើននៃការប្រើប្រាស់រថយន្តនៅកម្ពុជា  បានជំរុញឱ្យក្រុមហ៊ុន GTV MOTOR Co., Ltd. វិនិយោគបើកដំណើររោងចក្រតម្លើងរថយន្តនៅកម្ពុជា ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក និងជំរុញឱ្យតម្លៃរថយន្តកាន់តែទាប។

វត្តមានរបស់រោងចក្រនេះ និងចូលរួមចំណែកគាំទ្រដល់ឧស្សាហកម្មធុនធ្ងន់របស់កម្ពុជា ស្របតាម «ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍វិស័យយានយន្ត និងអេឡិចត្រូនិចនៅកម្ពុជា» ដែលរាជរដ្ឋាភិបាលបានដាក់ចេញកន្លងមក  ដើម្បីទាក់ទាញការវិនិយោគលើវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា។

កញ្ញា សយ បេនលីលី  ប្រធានផ្នែកហិរញ្ញវត្ថុ និងអនុប្រធានគ្រប់គ្រងទូទៅបានឱ្យដឹងថា ក្រុមហ៊ុន GTV MOTOR Co., Ltd.  ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២២ ផ្តោតលើការអភិវឌ្ឍរថយន្ត ដែលមានម៉ាកយីហោផ្ទាល់ខ្លួនរបស់ប្រទេសកម្ពុជា ហើយប្តេជ្ញានាំយកផលិតផលរថយន្ត ដែលមានគុណភាពខ្ពស់ និងបទពិសោធន៍សេវាកម្មខ្ពស់ ជូនអតិថិជនប្រើប្រាស់។

GTV Motor គឺជាគម្រោងរថយន្តជាតិរបស់កម្ពុជា ដែលបង្កើតឡើងក្នុងគោលបំណងដឹកនាំការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេស និងជាមូលដ្ឋានគ្រឹះសម្រាប់ឧស្សាហកម្មរថយន្តក្នុងស្រុក។   GTV MOTOR ត្រូវបានអនុម័តរួមគ្នាដោយ ក្រសួងស្ថាប័នចំនួន ៦រួមមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា( CDC) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ជាដើម។

មានទីតាំងស្ថិតនៅតាមបណ្តាយផ្លូវជាតិលេខ២ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រោងចក្រដំឡើងរថយន្តមួយនេះ នឹងចាប់ផ្តើមបើកដំណើរការដំឡើងរថយន្តចាប់ពីដើមឆ្នាំ២០២៤ ដោយដំឡើងនូវប្រភេទរថយន្ត ៥ម៉ូឌែល ដែលមានគុណភាពខ្ពស់ និងមានតម្លៃសមរម្យ  សម្រាប់ប្រជាពលរដ្ឋកម្ពុជា គ្រប់លំដាប់មានលទ្ធភាពទិញរថយន្តថ្មីប្រើប្រាស់ ។ កំណើតរបស់ GTV MOTOR គឺជាការចាប់ផ្តើមនៃដំណើរចម្រុះពណ៌ សម្រាប់ម៉ាករថយន្តជាតិ ហើយត្រូវបានកោតសរសើរឥតឈប់ឈរថា ជាមោទនភាពរបស់ប្រទេសជាតិ។  ប្រជាជនអាចបើកបររថយន្តម៉ាកជាតិ ដែលកាន់តែសាកសម្យ នូវតម្លៃ និង គុណភាព។

GTV MOTOR ក៏ជារោងចក្រដំឡើង និងនាំចេញរថយន្តរបស់ក្រុមហ៊ុនដ៏ល្បីឈ្មោះ Volkswagen ដែលជាក្រុមហ៊ុនអាលឺម៉ង់ នៅអាស៊ីអាគ្នេយ៍ផងដែរ។ រោងចក្រថ្មីនេះគ្របដណ្តប់លើផ្ទៃដី ១០ម៉ឺនម៉ែត្រការ៉េ ដែលមានសមត្ថភាពផលិតប្រចាំឆ្នាំ រហូតដល់ ៣៥ ០០០គ្រឿង។ 

ក្នុងរយៈពេល២ ឆ្នាំកន្លងមកនេះ GTV MOTOR តែងតែផ្តោត និងយកចិត្តទុកដាក់យ៉ាងខ្លាំង លើការច្នៃប្រឌិតបច្ចេកវិទ្យា ដោយបង្កើតបាននូវ វិទ្យាស្ថានស្រាវជ្រាវអេឡិចត្រូនិចរថយន្ត GTV (AERI) ដែលវិទ្យាស្ថានទាំងនោះមាននៅប្រទេស កម្ពុជា អាល្លឺម៉ង់ ចិន ជប៉ុន និងសិង្ហបុរី ទាំងនេះជាកត្តាប្រវត្តិសាស្រ្តមួយ ឈានដល់ការបង្កើតនូវ វិទ្យាស្ថានស្រាវជ្រាវនិងការអភិវឌ្ឍន៍ (R&D), ដោយហេតុដូចនេះធ្វើអោយ GTV MOTOR  បានបង្កើតដោយជោគជ័យ នូវម៉ូឌែលដែលមានគុណភាពខ្ពស់ជាច្រើន ប្រភេទរួមមាន ប្រភេទ Pickups, SUVs, Sedans, MPVs និង Trucks ជាដើម។

កញ្ញា សយ បេនលីលី បានឱ្យដឹងផងដែរថា ក្រុមហ៊ុន GTV MOTOR នឹងបន្តរីកចម្រើនក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកមួយនៅកម្ពុជា។ GTV បានរួមសហការ ជាមួយវិទ្យាស្ថានជាតិបច្ចេកវិទ្យាកម្ពុជា សកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅទីក្រុងឈុងឈីងប្រទេសចិន, KC MOTORS, TSARI-CQUT Institute of Intelligent Automotive Technology, Kaiyi Auto, JAC Auto, Sinotruck, Volkswagen,… ល។ វិទ្យាស្ថាននេះមានគោលបំណងធ្វើការសិក្សាលើបច្ចេកវិទ្យាយានយន្ត និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិតខ្ពស់សម្រាប់ការអភិវឌ្ឍន៍ឧស្សាហូបនីយកម្មរថយន្តកម្ពុជា។ បច្ចុប្បន្ន វិទ្យាស្ថានបាននឹងកំពុងចាប់ផ្ដើមជ្រើសរើសនិស្សិតថ្នាក់អនុបណ្ឌិតដើម្បីចូលសិក្សារ។

ការអភិវឌ្ឍន៍រថយន្តម៉ាកយីហោដោយខ្លួនឯងរបស់កម្ពុជាមិនត្រឹមតែអាចជំរុញការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃឧស្សាហកម្មរថយន្តក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវកម្លាំងរុញច្រានដ៏ខ្លាំងក្លាសម្រាប់ការផ្លាស់ប្តូរ និងធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មរថយន្តផងដែរ។ តាមរយៈការពង្រឹងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ និងការកសាងម៉ាកយីហោ វាបានធ្វើឱ្យប្រសើរឡើងនូវការប្រកួតប្រជែង និងឥទ្ធិពលស្នូលរបស់ខ្លួន និងបានរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃឧស្សាហកម្មរថយន្តកម្ពុជា។ នៅពេលអនាគត ម៉ាករថយន្តឯករាជ្យរបស់កម្ពុជានឹងដើរតួនាទីឈានមុខគេក្នុងវិស័យឧស្សាហកម្ម និងជំរុញការអភិវឌ្ឍន៍ឧស្សាហកម្មផលិតកម្ម និងខ្សែសង្វាក់ឧស្សាហកម្មទាំងមូលរបស់កម្ពុជាឱ្យកាន់តែខ្ពស់ថែមទៀត៕