(រ៉ូម)៖ ខ្សែបម្រើស្លាប Tajon Buchanan បានចូលរួមលេងឱ្យក្លិប Inter Milan ផ្ទេរមកពីក្លិប Club Brugge ដែលនាំឲ្យរូបគេក្លាយជាកីឡាករសញ្ជាតិកាណដាដំបូងគេ ដែលលេងនៅលីគកំពូលអ៊ីតាលី Serie A, នេះបើតាមយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤។

កីឡាករវ័យ ២៤ឆ្នាំរូបនេះ បានចុះកិច្ចព្រមព្រៀងរយៈពេល ៤ឆ្នាំកន្លះ ជាមួយនឹងតម្លៃផ្ទេរ ៧លានអឺរ៉ូ, Buchanan បានទទួលការកោះហៅ ៣៥លើក លេងឱ្យក្រុមជម្រើសជាតិកាណដា។

 រូបគេក៏បានស្ថិតក្នុងក្រុមជម្រើសដំបូងទាំង ៣ប្រកួត នៃការប្រកួតជម្រុះក្នុងពូលរបស់កាណាដា នៅឯព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ ផងដែរ។

សូមជម្រាបផងថា ក្លិប Inter Milan ជាបណ្តោះអាសន្ន បានចាប់ផ្តើមរដូវកាលឆ្នាំ២០២៤ បានយ៉ាងល្អដោយកំពុងស្ថិតនៅលើកំពូលតារាងលីគ Serie A ដោយរកបាន ៤៨ពិន្ទុ ក្រោយឆ្លងកាត់ ១៩ប្រកួតជើងទី១ របស់ពួកគេ៕