(ភ្នំពេញ)៖ សម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News ក្រោមកិច្ចសហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ រួមជាមួយវិភាគទានច្បាប់ ក្នុងគម្រោងស្ដីពីការបណ្ដុះបណ្ដាល និងការផ្សព្វផ្សាយច្បាប់ សូមលើកយកប្រធានបទស្តីពី «នីតិវិធីក្នុងការចុះបញ្ជីអំពីការបង្កើតហ៉ីប៉ូតែក» ដែលជាលក្ខខណ្ឌចាំបាច់តម្រូវដោយច្បាប់ដើម្បីឱ្យហ៉ីប៉ូតែកអាចយកទៅតតាំងជាមួយតតិយជន ក្នុងគោលដៅធានាឱ្យបានថាសិទ្ធិអាទិភាពរបស់ម្ចាស់បំណុលហ៉ីប៉ូតែក ត្រូវបានការពារយ៉ាងត្រឹមត្រូវដោយច្បាប់ ។

ការចុះបញ្ជីហ៉ីប៉ូតែកនេះ គឺជាការបង្ហាញជាសាធារណៈថា អចលនវត្ថុណាមួយ ត្រូវបានយកមកបង្កើតជាប្រាតិភោគដើម្បីធានាបំណុលរួចហើយ ហេតុនេះប្រសិនបើមានបុគ្គលផ្សេងទៀតបានធ្វើប្រតិបត្តិការលើអចលនវត្ថុនេះជាអាទិ៍ បានទិញ បានបង្កើតសិទ្ធិជួលអចិន្ត្រៃយ៍ ឬបានបង្កើតហ៉ីប៉ូតែកលំដាប់បន្ទាប់ បុគ្គលទាំងនោះត្រូវបានសន្មតថា បានដឹងអំពីវត្តមាននៃហ៉ីប៉ូតែក ហើយសិទ្ធិទាំងឡាយដែលបានចុះបញ្ជីក្រោយមកទៀតនោះ នឹងមិនអាចយកទៅតតាំងជាមួយម្ចាស់បំណុលហ៉ីប៉ូតែកបានឡើយ។

ខាងក្រោមនេះ គឺជាដំណាក់កាលនានាដែលគូភាគីនៃហ៉ីប៉ូតែកត្រូវអនុវត្ត ដើម្បីចុះបញ្ជីហ៉ីប៉ូតែក៖

ដំណាក់កាលទី១ ការបង្កើតកិច្ចសន្យាហ៉ីប៉ូតែក

កិច្ចសន្យាហ៉ីប៉ូតែក គឺជាការព្រមព្រៀងរវាងអ្នកបង្កើតហ៉ីប៉ូតែក (សំដៅលើម្ចាស់អចលនវត្ថុ) និង ម្ចាស់បំណុលហ៉ីប៉ូតែក ដោយអ្នកបង្កើតហ៉ីប៉ូតែកបានយកទ្រព្យសម្បត្តិរបស់ខ្លួន (អាចជាអចលនវត្ថុ សិទ្ធិជួលអចិន្ត្រៃយ៍ ផលុបភោគ ឬទ្រព្យសម្បត្តិផ្សេងទៀតដែលច្បាប់អនុញ្ញាត) ដើម្បីធានាកាតព្វកិច្ចរបស់ខ្លួន ឬរបស់តតិយជនណាមួយ ចំពោះម្ចាស់បំណុលហ៉ីប៉ូតែក ។ កិច្ចសន្យាហ៉ីប៉ូតែក មានលក្ខណៈខុសពីកិច្ចសន្យាដទៃផ្សេងទៀត ដែលវាទាមទារឱ្យធ្វើឡើងក្រោមទម្រង់ជាលិខិតយថាភូត ដើម្បីទទួលបានលក្ខខណ្ឌតតាំង (ជាលក្ខខណ្ឌដើម្បីអាចយកហ៉ីប៉ូតែកទៅអះអាងចំពោះបុគ្គលដទៃបាន) ។ កិច្ចសន្យាហ៉ីប៉ូតែកក្រោមទម្រង់ ជាលិខិយថាភូតនេះ អាចធ្វើឡើងដោយ មន្ត្រីមានសមត្ថកិច្ចដូចជា ៖ សារការី មេឃុំ ឬចៅសង្កាត់នៃទីតាំងអចលនវត្ថុ ឬមន្ត្រីទទួលបន្ទុកកិច្ចការសារការីដែលត្រូវបានតែងតាំងដោយក្រសួងយុត្តិធម៌ ។

ដំណាក់កាលទី២ ការរៀបចំឯកសារដែលចាំបាច់សម្រាប់ការចុះបញ្ជី

ក្រោយពេលដែលកិច្ចសន្យាហ៉ីប៉ូតែកត្រូវបានធ្វើឡើងដោយទម្រង់លិខិតយថាភូតរួចរាល់ហើយ ដំណាក់កាលបន្ទាប់គឺការចុះបញ្ជីហ៉ីប៉ូតែកនៅរដ្ឋបាលសុរិយោដី (សំដៅលើមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី ខេត្ត) ។ ដើម្បីធ្វើការចុះបញ្ជីហ៉ីប៉ូតែក គេត្រូវអនុលោមតាមប្រកាសអន្តរក្រសួងលេខ ៣០ កយដនសប្រក/១៣ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣ ស្តីពីនីតិវិធីនៃការចុះបញ្ជី អំពីសិទ្ធិប្រត្យក្សទាក់ទងនឹងក្រមរដ្ឋប្បវេណី ។ ផ្អែកតាមប្រការ ២៦ និង ២៧ នៃប្រកាសខាងលើនេះ ឯកសារដែលត្រូវមានដើម្បីបង្កើតហ៉ីប៉ូតែក រួមមាន៖ (១) ពាក្យសុំចុះបញ្ជីអំពីការបង្កើតហ៉ីប៉ូតែក (២) កិច្ចសន្យាខ្ចីបរិភោគ (៣) កិច្ចសន្យាបង្កើតហ៉ីប៉ូតែក ដែលផ្តល់យថាភូតភាពដោយសារការី ឬមន្ត្រីផ្សេងទៀតដូចពន្យល់ខាងលើ (៤) ច្បាប់ដើមនៃបណ្ណ និង (៥) អត្តសញ្ញាណបណ្ណរបស់គូភាគីដែលមានស្នាមមេដៃ ។ ករណីដែលអ្នកដាក់ពាក្យសុំគឺជានីតិបុគ្គល ត្រូវភ្ជាប់មកជាមួយនូវលិខិតបញ្ជាក់អំពីសិទ្ធិតំណាងរបស់អភិបាលតំណាងនីតិបុគ្គលនោះ ។ ប្រភេទបណ្ណដែលអាចយកមកចុះបញ្ជីបានមាន ៖ (១) វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (២) បណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ (៣) បណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី (៤) វិញ្ញាបនប័ត្រសម្គាល់ម្ចាស់ចំណែកឯកជន (៥) វិញ្ញាបនបត្រសម្គាល់សិទ្ធិជួលអចិន្ត្រៃយ៍ (៦) វិញ្ញាបនបត្រសម្គាល់ផលុបភោគ និង ប្រភេទបណ្ណផ្សេងទៀត ដែលលិខិតបទដ្ឋានគតិយុត្តអនុញ្ញាតឱ្យមានការចុះបញ្ជី ។

ដំណាក់កាលទី៣ ការដាក់ពាក្យសុំចុះបញ្ជី

បន្ទាប់ពីបានរៀបចំឯកសារត្រឹមត្រូវ និងគ្រប់គ្រាន់ ដំណាក់កាលបន្ទាប់ គឺការដាក់ពាក្យសុំចុះបញ្ជីអំពីការបង្កើតហ៉ីប៉ូតែក ។ សំណុំឯកសារត្រូវដាក់នៅ អង្គភាពច្រកចេញចូលតែមួយរាជធានីខេត្ត នៃទីតាំងអចលនវត្ថុ ។ ការដាក់ពាក្យសុំត្រូវបង់សេវាសាធារណៈផ្អែកតាម ប្រកាសអន្តរក្រសួងលេខ ៣៥៦ សហវ.ប្រក ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ (តម្លៃសេវា មានភាពខុសគ្នាទៅតាមចំនួនបណ្ណ ប្រភេទដី និងទីតាំងដី) ។

ដំណាក់កាលទី៤ ការសម្រេចការចុះបញ្ជី

បន្ទាប់ពីទទួលបានពាក្យសុំចុះបញ្ជីអំពីការបង្កើតហ៉ីប៉ូតែករដ្ឋបាលសុរិយោដី ត្រូវធ្វើការពិនិត្យពាក្យសុំ ។ ប្រសិនបើពាក្យសុំបំពេញលក្ខខណ្ឌតាមប្រកាសអន្តរក្រសួងលេខ ៣០ ខាងលើ រដ្ឋបាលសុរិយោដី ត្រូវចុះបញ្ជីអំពីហ៉ីប៉ូតែកនៅក្នុងសៀវភៅគោលបញ្ជីដីធ្លី និងធ្វើលេខាចារឹកនៅលើច្បាប់ដើមនៃបណ្ណ ។ ច្បាប់ដើមនៃបណ្ណត្រូវប្រគល់ជូនអ្នកដាក់ពាក្យសុំវិញ ក្រោយពេលដែលការចុះបញ្ជីត្រូវបានសម្រេចជាស្ថាពរ ។

សរុបសេចក្តីមកការបង្កើតត្រឹមតែកិច្ចសន្យាខ្ចីបរិភោគ និងហ៉ីប៉ូតែកដោយលិខិតឯកជន និងមិនបានយកទៅចុះបញ្ជីតាមនីតិវិធីដូចបានរៀបរាប់ខាងលើនេះ នឹងបណ្តាលឱ្យម្ចាស់បំណុលរងហានិភ័យចំពោះសិទ្ធិលើបំណុលរបស់ខ្លួន ដោយសារតែម្ចាស់បំណុលពុំអាចយកហ៉ីប៉ូតែក ទៅតតាំងជាមួយនឹងតតិយជនដែលអាចជាម្ចាស់បំណុលដទៃទៀតរបស់កូនបំណុល ។ ហេតុនេះទោះបីជាការបង្កើតហ៉ីប៉ូតែកត្រូវឆ្លងកាត់នីតិវិធីច្រើនស្មុគស្មាញ និងបង្កការចំណាយ ប៉ុន្តែវាអាចបង្កើននូវភាពទុកចិត្តខ្ពស់ដល់ម្ចាស់បំណុល ចំពោះប្រាក់ដែលត្រូវបានផ្តល់ឱ្យកូនបំណុល ៕

រៀបរៀងដោយ៖ លោក ស៊ិន ច័ន្ទផល្គុន ទីប្រឹក្សាច្បាប់ និងជាអ្នកបណ្តុះបណ្តាលនៃវិភាគទានច្បាប់