(ក្រុងឡុងដ៍)៖ Liverpool បានទម្លាក់គូប្រជែង កាំភ្លើងធំ Arsenal ចេញពីពានលំដាប់ទី២ អង់គ្លេស FA Cup ត្រឹមជុំទី៣ តាមរយៈរកបាន ២គ្រាប់ចុងម៉ោងក្នុងប្រកួតនារាត្រីថ្ងៃអាទិត្យ ទី០៧ ខែមករា ឆ្នាំ២០២៤។

ការប្រកួតដែលត្រូវបានធ្វើឡើងក្នុងកីឡដ្ឋាន Emirates ដែលជាទឺកដីរបស់ Arsenal ផងនោះ Liverpool ដែលដឹកនាំដោយលោក Jurgen Klopp នោះត្រូវរង់ចាំរហូតដល់នាទី៨០ ទើបរកបាន ១គ្រាប់ដែលជាការធ្វេសប្រហែសចូលទីខ្លួនឯងរបស់កីឡាករ Jakub Kiwior នៅមុនពេល Luis Diaz បានបន្ថែមគ្រាប់ទី២ ទៀតនៅនាទី៩០+៥ ដ្បិតអ្នកចាំទី Aaron Ramsdale ពុំអាចជួយសង្រ្គោះបានឡើយ។

ជាមួយគ្នានោះ ហង្សក្រហមដែលពុំមានវត្តមានប្រធានក្រុម Virgil van Dijk ដោយសារមានជំងឺ និងខ្សែប្រយុទ្ធ Mohamed Salah ជាប់លេងពាន Africa Cup of Nations ផងនោះ នៅតែធ្វើបានល្អ គិតចាប់តាំងពីវគ្គទី១ មក ក្នុងប្រកួតដែល Martin Odegaard, Reiss Nelson និង Kai Havertz របស់ម្ចាស់ផ្ទះសុទ្ធតែមានឱកាសដូចគ្នា ប៉ុន្តែធ្វើពុំបានសម្រេចឡើយ។

យ៉ាងនេះក្តី វាបានក្លាយជាការបរាជ័យលើកទី៣ ជាប់គ្នាផងដែរសម្រាប់ Arsenal គិតចាប់តាំងពីលេងស្មើជាមួយ Liverpool នៅ Anfield រួចមកកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ គ្រាដែលហង្សក្រហម ដែលកំពុងកាន់កាប់តំណែងកំពូលតារាង Premier League ផងនោះ ក៏មានកៅអីលេងពាន League Cup ទល់នឹង Fulham នារាត្រីថ្ងៃពុធជាបន្តទៀតដែរ និងបានឆ្លងផុតវគ្គចែកពូលពានអឺរ៉ុប UEFA Europa League ទៀតផង៕