(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VinFast បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ ជាមួយនឹងរដ្ឋាភិបាលឥណ្ឌាដែលមានតម្លៃប្រមាណ ៥០០លានដុល្លារ ក្នុងគោលបំណងសាងសង់រោងចក្រផលិតអាគុយសម្រាប់រថយន្តអគ្គិសនីជាលើកដំបូង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤។

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា VinFast និងរដ្ឋាភិបាលឥណ្ឌាបានចុះកិច្ចព្រមព្រៀងឆ្ពោះទៅរកការវិនិយោគសរុបប្រមាណ ២ពាន់លានដុល្លារឯណោះ ខណៈការបោះទុនលើកនេះ គឺជាជំហានដំបូងសម្រាប់រយៈពេល ៥ឆ្នាំនៃគម្រោងនេះ។

រោងចក្រផលិតអាគុយរថយន្តអគ្គិសនីដំបូងរបស់ VinFast នឹងមានទីតាំងនៅឯទីក្រុង Thoothukudi នៃរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា។ ដោយឡែកចំពោះការសាងសង់វិញត្រូវបាន ViFast បញ្ជាក់ថា នឹងចាប់ផ្តើមនៅឆ្នាំនេះតែម្តង ក្រោយការសាងសង់បញ្ចប់រួចរាល់ នឹងអាចបង្កើតការងារក្នុងស្រុកសម្រាប់ប្រជាជនឥណ្ឌាបានចន្លោះពី ៣,០០០ ទៅ ៣,៥០០ការងារឯណោះ។

គួរជម្រាបដែរថា ទីផ្សារឥណ្ឌាបច្ចុប្បន្ននេះកំពុងក្លាយជាកន្លែងវិនិយោគដ៏ធំរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទូទាំងពិភពលោក។ ក្រោមការវិនិយោគគម្រោងដំបូងនេះ VinFast រំពឹងថា នឹងអាចផលិតអាគុយសម្រាប់រថយន្តអគ្គិសនីបានរហូតដល់ទៅ ១៥០,០០០គ្រឿង បើធៀបទៅនឹង ២៥០,០០០ នៅរោងចក្រធំរបស់ខ្លួននៅក្នុងប្រទេសវៀតណាម៕