(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) មានប្រសាសន៍ថា កីឡាករ-កីឡាការិនីចូលរួមទិវារត់ប្រណាំងចម្ងាយឆ្ងាយអន្ដរជាតិអង្គរ(Angkor Ultra Trail) ពិសេសជនបរទេសមកពីគ្រប់ទ្វីប នឹងឃើញច្បាស់ពីកត្ដាសុខសន្ដិភាពពេញលេញនៅកម្ពុជា មិនថារត់ពេលយប់ ឬរត់កាត់ទីជនបទក៏ដោយ។

ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្ន នៃការត្រៀមរៀបចំព្រឹត្តិការណ៍ Angkor Ultra Trail លើកទី៧ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ខណៈព្រឹត្តិការណ៍កីឡាទេសចរណ៍បែបផ្សងព្រេងនេះ នឹងប្រព្រឹត្តទៅ នាថ្ងៃទី២៧ ខែមករាខាងមុខ នៅក្នុងតំបន់អង្គរ ខេត្តសៀមរាប។

លោកទេសរដ្ឋមន្ដ្រីថ្លែងថា ក្រោយវិបត្តិកូវីដ-១៩ គួបផ្សំសភាពការណ៍ពិភពលោកមិនទាន់ប្រាកដប្រជា ដោយសារសង្គ្រោះអ៊ុយក្រែន-រុស្ស៊ី និងអ៊ីស្រាអែល-ហាម៉ាស់ជាដើម បានធ្វើដំណើររបស់ទេសចរណ៍មិនដូចមុនកូវីដនោះទេ ។ តែយ៉ាងណាកម្ពុជា នៅតែជាគោលដៅដែលមានសុខសុវត្ថិភាពពេញលេញ ដែលពិភពលោកបានដឹង និងស្គាល់ ពិសេសក្រោយភាពល្បីរន្ទឺ នៃភាពជោគជ័យស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលធ្វើឲ្យអ្នកកីឡា ចង់មកកម្ពុជា។

ក្រឡេកមកចាប់អារម្មណ៍ព្រឹត្តិការណ៍កីឡាខាងលើវិញ លោកសង្កត់ធ្ងន់ថា «ផ្អែកលើការរៀបចំ ៧ដងទាំងលើនេះ យើងអាចសង្កេតឃើញហើយ អំពីភាពមានសុវត្ថិភាពខ្ពស់ តាមរយៈការចូលរួមព្រឹត្តិការណ៍ Angkor Ultra Trail ដែលត្រូវរត់ពេលយប់ផង ថ្ងៃផង ហើយរត់កាត់តំបន់ជនបទទៀត ។ អ៊ីចឹងអ្នកចូលរួមទាំងអស់ នឹងឃើញច្បាស់ថា កម្ពុជាស្ថិតនៅដំណាក់កាលណា? មានន័យថា កម្ពុជាកំពុងស្ថិតនៅក្នុងសុខសន្ដិភាពពេញលេញ មិនថារត់ពេលយប់ថ្ងៃ ឬយប់ ប្រជាពលរដ្ឋ ចេញមកស្វាគមន៍កីឡាករដោយភាពរួសរាយរាក់ទាក់»

លោកបណ្ឌិត ថោង ខុន បានបន្ថែមថា តាមរយៈព្រឹត្តិការណ៍ Angkor Ultra Trail ឆ្នាំនេះ នឹងក្លាយជាវេទិការដើម្បីផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាទេសចរណ៍ពេញ ១ឆ្នាំនៅកម្ពុជា ទាំងទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង នៅភ្នំពេញ, សៀមរាប និងខេត្តព្រះសីហនុ, ទិវារត់ម៉ារ៉ាតុង នៅសៀមរាប និងព្រឹត្តិការណ៍កីឡាផ្សេងៗទៀត ។ តាមរយៈចលនាកីឡាទាំងអស់នេះ គឺស្របតាមយុទ្ធសាស្ដ្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលបានជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់កិត្យានុភាពជាតិ តាមរយៈព្រឹត្តិការណ៍កីឡានេះផងដែរ។

«យើងសង្ឃឹមថា ព្រឹត្តិការណ៍ Angkor Ultra Trail 2024 នឹងជួយផ្សព្វផ្សាយកម្ពុជាកាន់តែល្អថែមទៀត ពិសេសអំពីទឹកដីមួយ ដែលពោរពេញដោយសុខសន្ដិភាព និងមានលក្ខណៈស្រស់បំព្រង ទាំងធម្មជាតិ និងប្រជាជន ។ ទីតាំងរៀបចំ គឺនៅតំបន់អង្គរ ដែលជាតំបន់បេតិកភណ្ឌដ៏ល្បីល្បាញលើពិពលោក តែអ្វីដែលប្លែកជាងមុន អ្នកមកចូលរួម គឺអាចហោះត្រង់ តាមយន្ដហោះធុនធំមកកាន់ក្រុងសៀមរាប តាមរយៈអាកាសយានដ្ឋានអន្ដរជាតិថ្មី នៅខេត្តសៀមរាប ដែលអាចចុះចតយន្ដហោះធំៗប៉ុន្មានក៏បាន»។ លោកទេសរដ្ឋមន្ដ្រីបន្ថែម។

លោក Edouard George ប្រធានក្រុមហ៊ុន Phoenix Voyages ដែលជាដៃគូសហការរៀបចំព្រឹត្តិការណ៍ខាងលើ បានឲ្យដឹងថា មកទល់ពេលនេះ មានអ្នកចុះឈ្មោះចូលរួម 7th Angkor Ultra Trail 2024 ចំនួន ១,០៧០នាក់ហើយ ដែលមកពីគ្រប់ទ្វីប ស្មើនឹង ៤៣ប្រទេសលើពិភពលោក ហើយភាគច្រើន គឺប្រជាជនកម្ពុជា បារាំង វៀតណាម កូរ៉េខាងត្បូង និងអាមេរិក ។ លោកបង្ហាញមោទនភាព ចំពោះចំនួននេះ តែយ៉ាងណា គណៈកម្មការ បានអំពាវនាវឲ្យមានការចុះឈ្មោះកាន់តែច្រើនថែមទៀត ដើម្បីជំរុញព្រឹត្តិការណ៍នេះឲ្យកាន់តែអធិកអធម ៕