(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបើកការរាប់ថយក្រោយ ២០០ថ្ងៃ ឆ្ពោះទៅកាន់ព្រឹត្តិការណ៍ Paris 2024 Olympics នៅថ្ងៃចន្ទ, ដោយបានជំរុញឱ្យសាធារណជនបារាំង បង្កើនការតភ្ជាប់បន្ថែមទៀត ក្នុងវិស័យកីឡា ខណៈប្រទេសត្រៀមដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡារដូវក្តៅ ជាលើកដំបូងក្នុងរយៈពេល ១០០ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។

លោក Macron បានបង្ហាញលើប្រព័ន្ធទំនាក់ទំនងសង្គម X អតីត Twitter ឲ្យដឹងថា «វានៅសល់ ២០០ថ្ងៃទៀត ហើយវាចាប់ផ្តើមហើយឥឡូវនេះ។ នោះហើយជាមូលហេតុ ដែលយើងមានបុព្វហេតុជាតិដ៏សំខាន់ នៅក្នុងឆ្នាំនេះ គឺកីឡា»

សូមជម្រាបថា ព្រឹត្តិការណ៍ Olympics នឹងធ្វើឡើងចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ខណៈព្រឹត្តិការណ៍ Paralympics នឹងធ្វើឡើងចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី៨ ខែកញ្ញាខាងមុខជាមួយនឹងមេដាយ សម្រាប់ប្រើប្រាស់ក្នុងព្រឹត្តិការណ៍នេះ នឹងត្រូវបង្ហាញរូបរាងនៅខែក្រោយ ហើយដោយឡែកភូមិកីឡា សម្រាប់អត្តពលិកស្នាក់នៅ នឹងត្រូវប្រគល់ជូន នៅថ្ងៃទី១ ខែមីនាខាងមុខនេះ៕