(សៀមរាប)៖ ក្រុមអភិរក្សថ្ម (SCU) នៃអាជ្ញាធរជាតិអប្សរាបានជួសជុលបង្កាន់ដៃនាគប្រវែង២៤ម៉ែត្រ នៅជ្រុងឦសានខាងក្នុងរោងទងទី១នៃប្រាសាទបន្ទាយសម្រែ បញ្ចប់ជាស្ថាពរហើយកាលពីចុងឆ្នាំ២០២៣កន្លងទៅ។ គម្រោងនេះមានរយៈពេលប្រមាណ៦ខែ ដោយបានចាប់ផ្តើមតាំងពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៣មក។

ប្រធានក្រុមការងារអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ឡុង ណារី បានឱ្យដឹងថា ការងារជួសជុលបង្កាន់ដៃនាគ ប្រវែង២៤ម៉ែត្រ នៅជ្រុងឦសានខាងក្នុងរោងទងទី១របស់ប្រាសាទបន្ទាយសម្រែ បានបញ្ចប់កាលពីចុងឆ្នាំ២០២៣កន្លងទៅ។

លោកបន្តថា រចនាសម្ពន្ធង្កាន់ដៃនាគរបស់ប្រាសាទបន្ទាយសម្រែ បានរងការខូចខាតធ្ងន់ធ្ងរដោយរលំបាក់បែកជាច្រើនបំណែក កន្លែងខ្លះធ្លាក់លើដី និងខ្លះទៀត ផ្អៀងទ្រេតមិនមានលំនឹងធ្លាក់ថ្មមកលើកម្រាលជាដើម។

លោក ឡុង ណារី បន្តទៀតថា រយៈពេល៦ខែ ក្រុមការងារបានប្រឹងប្រែងប្រមូលបំណែកថ្មបង្កាន់ដៃនាគ ដែលមាននៅនិងកន្លែង និងស្វែងរកបំណែកខ្លះទៀតដែលចល័តទៅទីតាំងផ្សេងៗ យកមករៀបចំផ្គុំឡើងវិញទៅតាមលទ្ធភាពដែលអាចរកឃើញ។ រីឯទីតាំងមួយចំនួនដែលមិនអាចរកឃើញ គឺបានបន្ថែមថ្មថ្មីជំនួសដើម្បីឱ្យបង្កាន់ដៃនាគរក្សាបាននូវទម្រង់ដើម និងមានភាពរឹងមាំជាថ្មីម្តងទៀត។

ក្រោយពីក្រុមអ្នកជំនាញបានបញ្ចប់ការងារជួសជុលបង្កាន់ដៃនាគនេះ បានជួយលើកសោភ័ណភាពនៃប្រាសាទនេះឡើងវិញ ព្រមទាំងមានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរដែលទស្សនានៅប្រាសាទបន្ទាយសម្រែដែរ។ ជាមួយគ្នានេះ ក្រុមអ្នកជំនាញក៏សំណូមពរដល់ភ្ញៀវទេសចរគ្រប់រូប សូមកុំអង្គុយឬផ្អែកលើសំណង់បុរាណដែលចាស់ទ្រុឌទ្រោមនេះ ដើម្បីរួមគ្នាថែរក្សាបន្តទៅមុខទៀត ប្រយោជន៍សម្រាប់ភាពគង់វង្សយូរអង្វែងនូវមរតកដូនតា៕