(ភ្នំពេញ)៖ លោកបណ្ឌិត សេង ប៊ុនសុង ប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានគូសបញ្ជាក់ថា ការពង្រឹង និងពង្រីកការអភិវឌ្ឍធនធានកីឡាករ-កីឡាការិនី ចាំបាច់ត្រូវមានថ្នាក់ដឹកនាំ ដែលជាក្បាលម៉ាស៊ីនសហព័ន្ធរឹងមាំដូចគ្នា ទើបកីឡាមួយអាចរីកចម្រើនប្រកបដោយចីរភាព និងសម្រេចបាននូវសមិទ្ធផលកាន់តែប្រសើរ។

ការលើកឡើងនេះ ស្របពេលសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានរៀបចំនូវមហាសន្និបាតវិសាមញ្ញ សម្រាប់អាណត្តិទី២ (ឆ្នាំ២០២១-២០២៥) ដើម្បីរៀបចំ និងពង្រឹងឡើងវិញ នូវសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ដើម្បីសម្រួចការអភិវឌ្ឍប្រភេទកីឡាដ៏មានសក្ដានុពលមួយនេះឲ្យកាន់តែរីកចម្រើន និងឈានទៅដណ្ដើមសមិទ្ធផលថ្មីៗជូនជាតិមាតុភូមិបន្ថែមទៀត។

ប្រធានសហព័ន្ធដដែល បានទទួលស្គាល់ថា កន្លងមកក្នុងសហព័ន្ធមានបញ្ហារអាក់រអួលខ្លះ តែយ៉ាងណាលោកបានកោតសរសើរ ចំពោះស្មារតីចូលរួម និងលះបង់របស់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីសម្រេចបាននូវសមិទ្ធផលដ៏ល្អប្រសើរជូនជាតិ ជាពិសេសគឺការរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ក៏ដូចជាការដណ្ដើមបាននូវមេដាយគួរជាទីមោទនក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ។

យ៉ាងណាមិញ សហព័ន្ធមួយអាចដំណើរការទៅរលូន ពិសេសអាចធ្វើការអភិវឌ្ឍធនធានកីឡាករ-កីឡាការិនីឲ្យបានរឹងមាំ គឺត្រូវការថ្នាក់ដឹកនាំដែលរឹងមាំ និងមានសាមគ្គីផ្ទៃក្នុងល្អដូចគ្នា ។ លោកសង្កត់ធ្ងន់ថា «យើងត្រូវតែពង្រឹងកីឡាករ-កីឡាការិនីរបស់យើង តែបើចង់ពង្រឹងពួកគាត់ឲ្យបានខ្លាំង លុះត្រាតែថ្នាក់ដឹកនាំសហព័ន្ធ ត្រូវបានពង្រឹងឲ្យបានរឹងមាំដូចគ្នា ដើម្បីយើងអាចជួយកីឡាករ-កីឡាការិនីបាន»

ដូច្នេះក្រោយមហាសន្និបាតវិសាមញ្ញខាងលើ លោក សេង ប៊ុនសុង សង្ឃឹមយ៉ាងមុតមាំថា សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធទាំងអស់ នឹងបន្ដប្រកៀកស្មាគ្នា និងពង្រឹងសាមគ្គីផ្ទៃក្នុងកាន់តែប្រសើរ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាជឺជីតស៊ូកម្ពុជា ឲ្យកាន់តែរីកចម្រើន រឹងមាំ ដើម្បីសម្រួចគោលដៅឆ្ពោះទៅទទួលបានផ្លែផ្ការកាន់តែប្រសើរជូនជាតិ ពិសេសស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ និងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ នៅកម្ពុជាតែម្ដង។

សម្រាប់សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ក្រោយបញ្ចប់មហាសន្និបាតវិសាមញ្ញខាងលើ គឺមានចំនួន ១១នាក់ ដែលបន្ដដឹកនាំដោយលោក សេង ប៊ុនសុង ជាប្រធាន, លោក ថោង បញ្ញាធន ជាអនុប្រធានទី១, លោក ប៊ុត សុទ្ធី និងលោក Jasper Martijn Pass ជាអនុប្រធាន គ្រាដែលអគ្គលេខាធិការសហព័ន្ធ ត្រូវបានផ្លាស់ប្ដូរថ្មី គឺលោក ឃឹម សាមាន និងលោក សំអុន បូរមី ជាអគ្គលេខាធិការរង ។ លោក ឆេង សីឡាង ជាអគ្គហេរញ្ញិក និងលោក ជឹម ធារ៉ា ជាអគ្គហេរញឹករង ព្រមទាំងមាជិក ៣រូបទៀត៕