(បរទេស)៖ កំពូលមហាសេដ្ឋី និងជានាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX បានធ្វើការច្រានចោលរាល់ព័ត៌មានដែលចេញផ្សាយដោយ Wall Street Journal ជុំវិញការចោទប្រកាន់ថា លោកបានប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ហើយបង្កឱ្យមានការព្រួយបារម្មនូវទូទាំងក្រុមហ៊ុនរបស់លោក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Business Insider នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។
នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ ថ្មីៗនេះ កាសែត Wall Street Journal បានចុះផ្សាយថា កំពូលមហាសេដ្ឋីលោក Elon Musk កំពុងតែប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដោយក្នុងនោះត្រូវបានគេរកឃើញថា មានសារធាតុញៀនដូចជា LSD, cocaine, ecstasy និង ketamine ជាដើម។ ខណៈការចុះផ្សាយនេះបានបង្កឱ្យមានភាពជាចលាលចលជាខ្លាំងពីថ្នាក់ដឹកនាំធំៗក្នុងក្រុមហ៊ុន SpaceX និង Tesla អំពីអនាគតអាជីវកម្មរបស់ពួកគេ ដែលស្ថិតក្រោមការដឹកនាំរបស់ Elon Musk។
ភ្លាមៗបន្ទាប់ពីករណីនេះមេធាវីរបស់ Musk លោក Alex Spiro បានអះអាងថា «លោក Elon Musk ដែលជាកូនក្តីរបស់ខ្លួន ត្រូវបានធ្វើតេស្ត និងមិនត្រូវបានរកឃើញសារធាតុញៀន ឬគ្រឿងស្រវឹងណាមួយក្នុងខ្លួននោះទេ»។
ដោយឡែកចំពោះការចោទប្រកាន់នេះ Musk នៅមិនទាន់មានអ្វីមកអះអាងបន្ត ឬមានចំណាត់ការបន្ថែមនោះទេ។
គួរជម្រាបដែរថា លោក Elon Musk បានស្ថិតក្នុងការស៊ើបអង្កេត និងចោទប្រកាន់ពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នេះចាប់តាំងពីអំឡុងឆ្នាំ២០១៨ មកម្លេះ ដោយក្នុងពេលនោះលោកបានចូលរួមក្នុងកម្មវិធី Podcast មួយរបស់ Joe Rogan ហើយលោកបានជក់កញ្ឆានៅក្នុងកម្មវិធីនោះ នឹងបានបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងពីសំណាក់មហាជន ក៏ដូចជាអ្នកដែលចូលរួមក្នុងកម្មវិធីនោះ៕