(បរទេស)៖ តារាប្រុសក្នុងជួរហូលីវូដ ដែលត្រូវបានទស្សនិកជនស្គាល់ច្រើន តាមរយៈការសម្តែងជាតួអង្គ X-Man លោក Adan Canto បានទទួលមរណភាពក្នុងវ័យ៤២ឆ្នាំ ដោយសារជំងឺមហារីកពោះវៀន ខណៈមិត្តភក្តិរួមអាជីព និងក្រុមគ្រួសារបានប្រកាសឲ្យដឹង នៅថ្ងៃអង្គារ៍សប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Hollywood Reporter នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។
បើតាម Stephanie Canto ភរិយារបស់ Adan បានសរសេរនៅលើ Instagram ថា ប្តីរបស់ខ្លួន គឺ Adan បានទទួលមរណភាពហើយដោយភ្ជាប់ជាមួយរូបថតគូស្នេហ៍ជាមួយគ្នា។ មរណៈភាពរបស់ Adan បានបន្សល់ទុកប្រពន្ធរបស់លោកឈ្មោះ Stephanie Ann Canto និងកូនតូចៗពីរនាក់មានឈ្មោះថា Roman Alder អាយុ៣ឆ្នាំកន្លះ និង Eve Josephine អាយុ១ឆ្នាំកន្លះ រស់នៅលែងមានភាពកក់ក្ដៅក៏ព្រោះបាត់បង់ស្វាមី និងឪពុកជាទីស្រឡាញ់។
គួរជម្រាបថា Adan Canto កើតនៅប្រទេសម៉ិកស៊ិក ហើយបានចូលប្រឡូកក្នុងឧស្សាហកម្មកម្សាន្តជាផ្លូវការ ក្នុងនាមជាអ្នកចម្រៀង និងអ្នកនិពន្ធបទចម្រៀង។ ដល់ឆ្នាំ២០០៩ លោកបានឈានជើងចូលសម្ដែង។ បន្ទាប់ពីនោះមក លោកក៏ល្បីល្បាញបន្តិចម្តងៗ ទទួលបានការស្រឡាញ់ពីទស្សនិកជនជាច្រើន ដោយសាររឿងភាគដូចជា X-Men Days of Future Past, Narcos, Designated Survivor, The Cleaning Lady... ក្រៅពីផលិតចម្រៀង និងសម្តែងលោក Adan ក៏បានចូលរួមជាផលិតករផងដែរ៕