(បរទេស)៖ អ្នកនិយមលេងបណ្តាញសង្គមបរទេស កំពុងមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញរូបថតប៉ុន្មានសន្លឹករបស់នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន OpenAI លោក Sam Altman បានរៀបចំពិធីមង្គលការនៅមាត់សមុទ្រជាមួយដៃគូរជាបុរសដូចគ្នា ដោយមតិខ្លះបានលើកឡើងថា ជាការបង្កើតរូបភាពតាមបច្ចេកវិទ្យា AI។ តែយ៉ាងណាក្រោយមានការចាប់អារម្មណ៍ខ្លាំងលោក Sam Altman និងដៃគូរបស់លោក បានចេញព័ត៌មានបញ្ជាក់ទៅ NBC News ថាពួកគេពិតជាបានរៀបចំពិធីមង្គលការពិតមែន។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន NBC News នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។

បុរសវ័យ ៣៨ឆ្នាំ លោក Sam Altman បានរៀបចំពិធីមង្គលការជាមួយនឹងគូរស្នេហ៍របស់ខ្លួន ដែលមានឈ្មោះថា Oliver Mulherin នៅឯមាត់សមុទ្រ ខណៈកម្មវិធីមង្គលការនោះត្រូវបានរៀបចំបែបលក្ខណៈគ្រួសារ។ ទំនាក់ទំនងគូរស្នេហ៍មួយគូនេះ បានធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ខណៈពួកគេបានទាក់ទងគ្នាជាលក្ខណៈ Private និងបានដឹងច្បាស់លាស់នៅថ្ងៃចូលរោងការតែម្តង។

គួររំលឹកដែរថា សម្រាប់អ្នកតាមដានក្រុមហ៊ុនបច្ចេកវិទ្យាប្រាកដជាបានស្គាល់លោក Sam Altman រួចមកហើយដែលលោក គឺជាបុគ្គលសាធារណៈ នឹងបានចូលរួមកម្មវិធីសង្គមជាច្រើន។ ដោយឡែកកាលពីពេលថ្មីៗនេះលោកក៏ទើបតែជួបរឿងចម្រូងចម្រាស់នៅ OpenAI រហូតឈានដល់ការដកដំណែងជា CEO ផងដែល ប៉ុន្តែត្រូវបាន OpenAI ហៅត្រឡប់មកកាន់ដំណែងវិញ ក្រោយមានបុគ្គលិកសរុបប្រមាណ ៧០០នាក់បានគំរាមចាកចេញពីក្រុមហ៊ុន៕