(បរទេស)៖ ទទួលបានដំណឹងមកថា ក្រុមហ៊ុន Apple មានគម្រោងបំបែក App Store ចេញជា ២ដាច់ដោយឡែកពីគ្នាតែម្តង ដោយមួយសម្រាប់ទីផ្សារសហភាពអឺរ៉ុប និងមួយទៀតសម្រាប់ទីផ្សារពិភពលោក។ នេះបើយោងតាមរបាយការណ៍ពីលោក Mark Gurman មកពីសារព័ត៌មាន Bloomberg នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។

ការផ្លាស់ប្តូរនេះគឺ ដើម្បីឆ្លើយតបទៅនឹងច្បាប់ទីផ្សារឌីជីថលរបស់សហភាពអឺរ៉ុប (DMA) ដែលបានបង្ខំឱ្យ Apple បើកសិទ្ធឱ្យអ្នកប្រើប្រាស់អាចដំឡើងកម្មវិធីពីខាងក្រៅ App Store បាន ព្រមទាំងផ្តល់សិទ្ធឱ្យ Developer អាចលក់កម្មវិធីរបស់ពួកគេ ជាពិសេសកម្មវិធីហ្គេមបានថែមទៀតផង។

តាមការឱ្យដឹងពីលោក Mark Gurman ក្រុមហ៊ុន Apple ទំនងជានឹងរៀបចំបំបែក App Store នៅប៉ុន្មានសប្តាហ៍ឆាប់ៗខាងមុខនេះ ពោលគឺអាចនឹងដាក់ចេញឱ្យបានមុនថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ដែលជាពេលវេលាកំណត់របស់សហភាពអឺរ៉ុប។ ការធ្វើបែបនេះ ជាផ្លូវមួយដែល Apple នៅតែអាចបន្តឈរជើងទៅមុខទៀតបាន ខណៈសហភាពអឺរ៉ុប ជាទីផ្សារដ៏ធំបំផុតមួយ នឹងជាទីផ្សារមាសប្រាក់របស់ Apple។

គួរជម្រាបដែរថា ការផ្លាស់ប្តូរនេះ គឺជាផ្នែកមួយនៃការកែសម្រួលសំខាន់ៗជាច្រើនដែល Apple នឹងត្រូវធ្វើដើម្បីអនុលោមតាមតម្រូវការច្បាប់ថ្មីនៅក្នុងសហភាពអឺរ៉ុប រួមទាំងការផ្លាស់ប្តូរចំពោះវិធីដែល App Store, FaceTime និង Siri ធ្វើការនៅអឺរ៉ុបផងដែរ៕