(បរទេស)៖ ទីបំផុតក្រុមហ៊ុនចិន Realme ប្រកាសជាផ្លូវការហើយ ថាខ្លួននឹងរៀបចំព្រឹត្តិការណ៍ដាក់បង្ហាញ Realme 12 Pro នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ ដែលនឹងធ្វើឡើងនៅក្នុងប្រទេសឥណ្ឌានឹងចាប់ផ្តើមប្រារព្ធពីម៉ោង១២ ថ្ងៃត្រង់តទៅ ដែលត្រូវនឹងម៉ោង ១:៣០នាទីថ្ងៃត្រង់ នៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។

ព្រឹត្តិការណ៍ដ៏ធំរបស់ Realme នៅចុងខែមករានេះ នៅមិនទាន់មានការបង្ហាញជាសាធារណៈអំពីវត្តមានឧបករណ៍ណាខ្លះ ដែលត្រៀមបង្ហាញខ្លួននោះទេ។ ប៉ុន្តែត្រូវបានគេរំពឹងថា នឹងមានវត្តមាន Realme 12 Pro និង Realme 12 Pro+ នឹងក្លាយជាតួឯកក្នុងព្រឹត្តិការណ៍នោះ។

តាមរយៈរបាយការណ៍លេចធ្លាយកន្លងមកបានបង្ហាញថា Realme 12 Pro នឹងត្រូវបានបំពាក់ដោយអេក្រង់ OLED រាងកោងមានទំហំ ៦.៧អ៊ីញ កម្រិត FHD+ រួមជាមួយអត្រា Refresh Rate 120Hz នឹងបំពាក់ដោយ Periscope lens មកផងដែរ។ ចំណែកឯ Realme 12 Pro+ វិញត្រូវបានគេរំពឹងថា នឹងបំពាក់ដោយកាមេរ៉ាដែលសមត្ថភាពខ្ពស់ ភ្លឺច្បាស់ល្អ ព្រមទាំងមានជម្រើសទំហំផ្ទុក (Storage) ច្រើន option ថែមទៀតផង។

ដោយឡែកចំពោះតម្លៃ នឹងមុខងារលម្អិតផ្សេងទៀតក្រុមហ៊ុន Realme នៅមិនទាន់បង្ហើបនៅឡើយនោះទេ៕