(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាបានសាងសង់ស្ពានផ្លូវកង់ស្របតាមស្ពានប្រាសាទតាកែវ ដើម្បីសម្រួលដល់ការជិះកង់ របស់ភ្ញៀវទេសចរក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែងាយស្រួល។
លោក សុខ សូសិលា អនុប្រធាននាយកដ្ឋានទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមសង់ផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរនៅឆ្នាំ២០២០ ដើម្បីសម្រួលដល់ភ្ញៀវទេសចរដែលនិយមជិះកង់កម្សាន្ត។ ផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរប្រវែងសរុបជាង ២៣គីឡូម៉ែត្រ ហើយក្នុងនោះក៏មានឆ្លងស្ទឹងចំនួន៤ទីតាំងផងដែរ។
ស្ពានផ្លូវកង់ប្រាសាទតាកែវ គឺជាទីតាំងមួយក្នុងចំណោម៤ទីតាំងខាងលើ ដែលអាជ្ញាធរជាតិអប្សរា សាងសង់សម្រួលដល់អ្នកជិះកង់ ដោយចង់បែងចែកឱ្យដាច់រវាងផ្លូវឬស្ពានធ្វើដំណើរទូទៅ និងផ្លូវកង់។ ស្ពាននេះមានទទឹង២.៥ម៉ែត្រ និងបណ្ដោយ៦៥ម៉ែត្រ។ ចំណែកស្ពានកង់៣ទីតាំងទៀត រួមមាន ស្ពានអង្គរ ស្ពានក្រាំងក្រូច និងស្ពាននាគព័ន្ធ។ ក្រៅពីនេះ ក៏មានស្ពានខ្នាតតូចឆ្លងកាត់២ទីតាំងទៀត ដូចជាកសិន្ធុយសោធរ និងអតីតទ្វារទឹកនាគព័ន្ធ។
គោលបំណងសំខាន់នៃការបង្កើតផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរ គឺការចង់បែងចែកឱ្យដាក់ពីគ្នារវាងផ្លូវ ចរាចរណ៍ធម្មតា និងផ្លូវកង់ ដើម្បីលើកកម្ពស់កីឡាជិះកង់ ការកាត់បន្ថយគ្រោះថ្នាក់នៅលើដងផ្លូវរវាងអ្នកជិះយានយន្ត និងអ្នកជិះកង់ ពិសេសកាត់បន្ថយផ្សែងយានយន្តដែលប៉ះពាល់ដល់ថ្មប្រាសាទ។
ចំពោះរចនាបថនៃការសង់ស្ពានកង់នេះ លោក សុខ សូសិលា បញ្ជាក់ថា បានជ្រើសរើសការរៀបចំបែបសាមញ្ញស្រដៀងនឹងធម្មជាតិជុំវិញ ដោយមិនបង្កើតអ្វីដែលថ្មីលេចធ្លោពេកទេ គឺស្របតាមគោលគំនិតរបស់ថ្នាក់ដឹកនាំថា ការអភិរក្សដើរស្របនឹងការអភិវឌ្ឍ។
ជាមួយគ្នានេះ លោក សុខ សូសិលា សំណូមពរឱ្យភ្ញៀវទេសចរ ចូលរួមលើកតម្កើងការជិះកង់ ឱ្យបានកាន់តែច្រើននៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងបំណងដើម្បីសុខភាព ប្ដូរបរិយាកាសថ្មី ព្រោះថាការជិះកង់ធ្វើឱ្យយើងមានពេលគ្រប់គ្រាន់សម្រាប់ការទស្សនា ឬសិក្សាពីធម្មជាតិនៅជុំវិញ ពិសេសលុបបំបាត់ផ្សែងពុលដែលបង្កគ្រោះថ្នាក់ដល់ការអភិរក្សប្រាសាទ៕