(បរទេស)៖ តម្លៃទូរស័ព្ទ iPhone កំពុងធ្លាក់ចុះនៅក្នុងប្រទេសចិន នៅមុនថ្ងៃបុណ្យចូលឆ្នាំចិន ដោយតាមបណ្ដាអ្នកលក់រាយតាមអ៊ីនធើណែតធំ និងក្រុមហ៊ុន Apple ផ្ទាល់ បានបញ្ចុះតម្លៃនៃការលក់ជាផ្លូវការ ដើម្បីប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Huawei និងក្រុមហ៊ុនក្នុងស្រុកផ្សេងៗជាច្រើនទៀត។ នេះបើយោងតាមការចេញ​ផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។

ផ្សារលក់ទំនិញអនឡាញ Tmall ដែលជាបុត្រសម្ព័ន្ធរបស់ Alibaba បាននិងកំពុងតែបញ្ចុះតម្លៃរហូតដល់ ១០០០យន់ (ប្រហែល ១៤០ដុល្លារ) លើ iPhone ម៉ូដែលមួយចំនួន ដោយការបញ្ចុះតម្លៃនេះត្រូវបានធ្វើឡើងចាប់ពីថ្ងៃពុធទី១៨ រហូតដល់ថ្ងៃទី៣១ ខែមករា។ ចំណែក JD.com ដែលជាអ្នកលក់រាយតាមអ៊ីនធើណែតដ៏ធំមួយទៀត ក៏បានលក់ការបញ្ចុះ​តម្លៃដូចគ្នាសម្រាប់ iPhone ផងដែរ។

ថ្មីៗនេះ គេហទំព័រផ្លូវការរបស់ Apple ក្នុងប្រទេសចិនបានបង្ហោះការផ្តល់ជូនជាពិសេស គ្រប់ម៉ូដែល iPhone 15 នឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ៥ភាគរយក្នុងមួយគ្រឿងដែលគិតជាប្រាក់មានតម្លៃ ៧០ដុល្លារឯណោះ។ ការប្រកាសនេះពិតជាគួរឱ្យភ្ញាក់ផ្អើលដោយ Apple មិនត្រឹមតែមិនដំឡើងថ្លៃក្នុងទីផ្សារប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងបញ្ចុះតម្លៃថែមទៀត ខណៈទីផ្សារក្រៅពីប្រទេសចិននៅតែដំឡើងថ្លៃធម្មតា។

ការផ្តល់ជូនដ៏កម្រនេះនឹងមានចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ដោយ Apple បញ្ជាក់ថា ធ្វើឡើងក្នុងគោលបំណងអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីចិន។ ការផ្លាស់ប្តូរនេះបានកើតឡើងចំពេល Apple កំពុងរងការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីគូរប្រជែងប្រទេសចិន ដូចជា Huawei និង Xiaomi ជាដើម។

ទាក់ទិននឹងការលក់បញ្ចុះតម្លៃនេះផងដែរ ប្រភពពីអ្នកវិភាគ Jefferies បាននិយាយនៅក្នុងកំណត់ត្រាអតិថិជនថា ការលក់ iPhone 15 របស់ប្រទេសចិនបានធ្លាក់ចុះជាគំហុកដល់ទៅ ៣០ភាគរយគិតត្រឹមសប្តាហ៍ដំបូងនៃឆ្នាំ២០២៤ ខណៈក្រុមហ៊ុនប្រកួតប្រជែង Huawei កំពុងមានសន្ទុះគាំទ្រជាខ្លាំងក្រោយចេញលក់ Huawei Mate 60 របស់គេ៕