(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួត Miss Global International 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺបានបញ្ចប់ជាផ្លូវការហើយ កាលពីរាត្រីថ្ងៃទី១៨ ខែមករាឆ្នាំ២០២៤នេះ ដោយជយលាភីម្ចាស់គ្រងមកុដ គឺបានទៅលើកញ្ញាឯក មកពីប្រទេស Puerto Rico ក្នុងចំណោមបេក្ខភាពមកពី៧៩ប្រទេស ដែលមកប្រជែងមកុដនៅកម្ពុជា ខណៈដែលកញ្ញាឯកតំណាងឲ្យប្រទេសកម្ពុជា គឺកញ្ញា ល័ក្ខ មុនីអានីតា ជាប់បានត្រឹម Top13 ប៉ុណ្ណោះ។
កម្មវិធីលំដាប់ពិភពលោកនេះ ត្រូវបានមហាជនចាត់ទុកថា គឺជាមុខមាត់ដ៏ធំមួយរបស់កម្ពុជា ដែលអាចឆ្មក់បានព្រឹត្តិការណ៍អន្តរជាតិដ៏ធំមួយនេះ ឲ្យមកបង្ហាញវត្តមានប្រកួតនៅប្រទេសកម្ពុជា ដោយការប្រកួតនេះ វៀតណាមក៏ជាម្ចាស់ផ្ទះផងដែរ តែបានធ្វើម្ចាស់ផ្ទះត្រឹមតែជាការប្រកួតបឋម តែការប្រកួតឈុតតំណាងជាតិ និងវគ្គ Final គឺកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ អ្វីដែលកាន់តែមានកិត្តិយសទៀតនោះ គឺបវរកញ្ញាកម្ពុជា ត្រូវបានជាប់ក្នុង Top13 ដែលជាវគ្គដ៏សំខាន់ ដែលបង្ហាញយ៉ាងច្បាស់ថា បេក្ខនារីដែលលោក អ៊ិន សុភិន ជ្រើសឲ្យប្រកួតតំណាងប្រទេស គឺអាចនិយាយបានថា មិនមានបេក្ខនារីណាម្នាក់ដែលមិនចូល Top លើឆាកអន្តរជាតិ លើកលែងតែបេក្ខនារី ចន សុទិម៉ា នៅក្នុងកម្មវិធី Miss Universe។ ប៉ុន្តែក៏ក្លាយជាបេក្ខនារី Miss Universe កម្ពុជា ដែលល្បីជាងគេនៅក្នុងការប្រកួតផងដែរ។
អ្នកគ្រប់គ្រងកម្មវិធីប្រកួត លោក អ៊ិន សុភិន បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំង ដែលលោកអាចទាញកម្មវិធី Miss Global ឲ្យមកប្រកួតនៅកម្ពុជា ដែលមិនខុសពីជួយផ្សព្វផ្សាយវប្បធម៌របស់កម្ពុជា និងមិនខុសពីលើកមុខកម្ពុជា លើឆាកអន្តរជាតិ។ លោកបន្តថា ការប្រកួតដែលមានច្រើនប្រទេសមកចូលរួមបែបនេះ មិនមែនជារឿងងាយស្រួលនោះទេ ហើយលោកក៏រំភើបចិត្តផងដែរ ដែលអាចរៀបចំកម្មវិធីបានដោយជោគជ័យ បើទោះជាមានចន្លោះខ្លះខ្វះខាត ដែលការរៀបចំកម្មវិធីណាក៏តែងតែមានដែរ៕