​(ភ្នំពេញ)​៖ វិនិយោគិន ហុង កុង ដែលកំពុងវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះការ​វិនិយោគនៃវិស័យអចលទ្រព្យនៅកម្ពុជា ខណៈគម្រោងសាងសង់អគារខុនដូររបស់ Urban Village គម្រោងទីពីរ ដែលជាអគារខ្ពស់បំផុត នៅលើមហាវិថីសម្តេច ហ៊ុន សែន ​មានកម្ពស់ដល់ទៅ២០៣ម៉ែត្រ បានឈានដល់បញ្ចប់ការសាងសង់គ្រោងអគារ ​។

Urban Village ​បានប្រារព្ធពិធី អបអរសាទរការបញ្ចប់ការសាងសង់ គ្រោងអគាររបស់ខ្លួន ជាប្រវត្តិសាស្ត្រយ៉ាងមហោឡារឹកកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤​ ដោយមានចូលរួមអ្នកដឹកនាំធុរកិច្ចល្បីៗ អ្នកដឹកនាំសហគមន៍ និង​អ្នកចូលរួមរាប់រយនាក់មកពីក្រៅ និងក្នុងប្រទេស ​នៅលើដំបូលអគារ Urban Village Phase II និងបន្ទប់តាំងបង្ហាញនៅក្នុង Factory Phnom Penh ដែលជាមជ្ឈមណ្ឌលច្នៃប្រឌិតដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ពិធីអបអរសាទរការបញ្ចប់ការសាងសង់គ្រោងអគារ គឺបញ្ជាក់ពីការបញ្ចប់ដោយជោគជ័យ នៃធ្នឹមរចនាសម្ព័ន្ធចុងក្រោយ ដែលត្រូវបានលើកឡើងជាកន្លែង ដែលបំពេញស៊ុមអគារទាំងស្រុង។ តាមពិតទៅ Urban Village Phase II មិនត្រឹមតែជាអគារខ្ពស់ជាងគេនៅមហាវិថី សម្តេច ហ៊ុន សែន ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអគារមួយក្នុងចំណោមអគារខ្ពស់ជាងគេទាំង ៤ នៅកម្ពុជាផងដែរ។​ អគារនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន អ្នកសាងសង់ធំជាងគេក្នុងពិភពលោក ​ឈ្មោះ «China State Construction Division 3» ដែលកំពុងសាងសង់អគារខ្ពស់ជាងគេនៅ ICC ទីក្រុងហុងកុង ផងដែរ។

​អ្នកចូលរួមក្នុង​ពិធី អបអរសាទរ​នៅលើកំពូលអគារនេះ បានភ្ញាក់ផ្អើលជាមួយនឹងទិដ្ឋភាពជុំវិញ និងខ្យល់អាកាសពីគ្រប់ទិសទីនៃអគារខ្ពស់បំផុតនៅលើមហាវិថីសម្តេច ហ៊ុន សែន។ ពីត្រើយខាងកើត មានទិដ្ឋភាពដ៏សមរម្យនៃទន្លេ។ ពីខាងជើង ប្រជាជននឹងឃើញទិដ្ឋភាពពេញនៃទីក្រុង និងកោះពេជ្រ។ ពីចំហៀងខាងលិច គេអាចមើលឃើញផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល (ជាកន្លែងដែលមានហាងសំលៀកបំពាក់ហ្សារ៉ា) ព្រមទាំងទិដ្ឋភាពដ៏ស្រស់ស្អាតនៃរាជធានីភ្នំពេញ។ ហើយពីផ្នែកខាងត្បូង មានព្រលានយន្តហោះថ្មី និងផ្សារទំនើបអ៊ីអនដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ (Aeon Mall 3)។

Urban Village គឺជាគម្រោងតែមួយគត់ក្នុងប្រទេសកម្ពុជា ដែលបានឈ្នះពានរង្វាន់ជាង៣០ពាន ហើយជា «គម្រោងដំបូង និងតែមួយគត់» នៅកម្ពុជា ដែលបានទទួលពានរង្វាន់ «ការអភិវឌ្ឍន៍ខុនដូល្អបំផុត» និងពានរង្វាន់ «Co-working Space» ល្អបំផុតនៅអាស៊ី​ ពី Asia Property Guru, និងពានរង្វាន់ «គម្រោងអភិវឌ្ឍន៍ការប្រើប្រាស់ចម្រុះល្អបំផុត» នៅក្នុងកម្មវិធី International Pacific Award ពីប្រទេសអង់គ្លេស។ ជាងនេះទៅទៀត Urban Village ក៏ជាគម្រោងតែមួយគត់ ដែលមានផ្ទៃដី សហគមន៍រស់នៅប្រមាណ៧៦ម៉ឺនម៉ែត្រការ៉េ នៅក្នុងទីក្រុង ជាមួយនឹងសហគមន៍រស់រវើក នៅក្នុងមជ្ឈមណ្ឌលច្នៃប្រឌិតដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ Factory Phnom Penh ដែលមានវិចិត្រសាលសិល្បៈដ៏ធំបំផុត កន្លែងធ្វើការរួមគ្នា ឧទ្យាន trampoline និងកន្លែងជិះស្គីជាដើម។

​អ្នកស្រី Catherine Chan ជាស្ថាបនិក និងនាយកប្រតិបត្តិនៃ Urban Village & Factory Phnom Penh បានថ្លែងថា «ពួកយើងពិតជាមានមោទនភាពក្នុងការអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះជាមួយអ្នករាល់គ្នានៅទីនេះ។ អស់រយៈពេលជាង៣០ឆ្នាំមកនេះ យើងតែងតែអភិវឌ្ឍខ្លួនឲ្យរីកចម្រើន ដើម្បីក្លាយជាគម្រោងល្អបំផុត ដែលនាំយកបទពិសោធន៍គុណភាពខ្ពស់ និងអ្នកវិនិយោគបរទេសមកកាន់ប្រទេសកម្ពុជា។ ទោះបីជាមានការឡើងចុះ ប៉ុន្តែយើងផ្តោតលើភាពវិជ្ជមាន និងឆ្ពោះទៅមុខដើម្បីធ្វើឱ្យកម្ពុជាកាន់តែមានការអភិវឌ្ឍន៍ និងរីកចម្រើនជាមួយគ្នា។»

ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន លោកបណ្ឌិត Ben Li ជាស្ថាបនិក និងប្រធាន Urban Village & Factory Phnom Penh ​បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះការវិនិយោគវិស័យអចលនទ្រព្យនៅកម្ពុជា ដែលអ្នកវិនិយោគមិនគួរមើលរំលង។

លោកបាននិយាយយ៉ាងដូច្នេះថា «ពួកយើងស្រឡាញ់ប្រទេសកម្ពុជាណាស់ ​ដែលជាប្រទេសដ៏ស្រស់ស្អាតដែលមានមនុស្សល្អជាច្រើន។ យើងពិតជាត្រេកអរនិងដឹងគុណជាខ្លាំង ដែលបានមកនៅទីនេះទេ។ យើងជឿជាក់ថា Urban Village Phase II នឹងក្លាយជាផ្ទះដ៏ល្អបំផុតសម្រាប់មនុស្សរស់នៅ ធ្វើការ និងកម្សាន្ដលេង។ ខ្ញុំតែងតែមើលឃើញសក្តានុពលនៃវិស័យអចលនទ្រព្យនៅក្នុងប្រទេសនេះ។ ក្នុងរយៈពេល ១០ឆ្នាំខាងមុខ ប្រទេសកម្ពុជានឹងកាន់តែរីកចម្រើនរហូតមើលលែងស្គាល់ ព្រោះអ្វីៗទាំងអស់កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ ដូច្នេះ ខ្ញុំតែងតែលើកទឹកចិត្តគ្រប់គ្នាឲ្យចាប់ផ្តើមវិនិយោគឥឡូវនេះ។»

លោកបន្តថា «​បើនិយាយពីវិស័យអចលទ្រព្យនៅប្រទេសកម្ពុជា បើធៀបនឹងឆ្នាំ២០២២ច្បាស់ជាស្ថិតក្នងសភាពដែលអាក្រក់បំផុត។ ហើយនៅឆ្នាំ២០២៣ ត្រីមាសទី១ និង ត្រីមាសទី២ វិស័យអចលនទ្រព្យគឺមិនដំណើរការល្អទេ។ ប៉ុន្តែប្រសិនបើអ្នកក្រឡេកមើលការចាប់ផ្តើមពី ត្រីមាសទី៣ និង ត្រីមាសទី៤ គឺមានការកើនឡើង។ ដូច្នេះប្រសិនបើអ្នកក្រឡេកមើលឆ្នាំ ២០២៤ តាមការព្យាករណ៍ទាំងអស់ដែលនិយាយថាវាមានភាពវិជ្ជមានខ្លាំងណាស់សម្រាប់អចលនទ្រព្យ។

ហើយសំខាន់ជាងនេះទៅទៀត បើមើលទៅតម្រូវការរបស់ប្រទេសកម្ពុជាគឺខ្ពស់ណាស់ ជាពិសេសអ្នកប្រើប្រាស់។ បើក្រឡេកមើលក្នុងទីក្រុងភ្នំពេញ ជាពិសេសនៅភាគនិរតី អ្នកអាចមើលឃើញថា តម្រូវការលំនៅឋានក្នុងស្រុកគឺខ្ពស់ណាស់។

បើងាកមកមើលចំនួនប្រជាជនវិញ ភាគច្រើននៃប្រជាជនក្នុងប្រទេសកម្ពុជាពួកគេមានអាយុក្រោម ៣០ឆ្នាំ មានជាង៧០%នៃចំនួនប្រជាជន នោះមានន័យថាពួកគេមានតម្រូវការលំនៅឋានខ្ពស់។ទន្ទឹមនឹងនោះ បើក្រឡេកមើលជនបរទេស ឬភ្ញៀវមកកម្ពុជាវិញ ចុងក្រោយនៅឆ្នាំ២០២៣ មានជនជាតិវៀតណាម និងថៃមកលេងកម្ពុជាច្រើន។ ហើយទន្ទឹមនឹងនោះ អ្នកអាចឃើញជនជាតិសិង្ហបុរី ម៉ាឡេស៊ី ជប៉ុន ឬអឺរ៉ុប ដែលចូលមកបណ្តាក់ទុននៅកម្ពុជា។»

លើសពីការប្រារព្ធពិធី Topping-out ​ក៏មានការតាំងពិពណ៌សិល្បៈដ៏ធំនៃស្នាដៃសិល្បៈដោយវិចិត្រករសម័យទំនើបនៅអឺរ៉ុបដ៏ល្បីល្បាញក្នុងសតវត្សទី២០ រួមទាំង Pablo Picasso, Joan Miro, Sam Szafran និងសិល្បករចិនដ៏ល្បីល្បាញ Zao Wouki ។

ព្រឹត្តិការណ៍តាំងពិពណ៌សិល្បៈដ៏ធំនៃស្នាដៃសិល្បៈផ្តាច់មុខនេះ​នាំមកដោយវិចិត្រសាលសិល្បៈ Sra'Art ​ហើយនេះគឺជាលើកទីមួយ​ ដែលស្នាដៃទាំងនេះត្រូវបានដាក់តាំងបង្ហាញក្នុងប្រទេសកម្ពុជា ដែលផ្តល់នូវបទពិសោធន៍វប្បធម៌ពិសេសមួយសម្រាប់អ្នកចូលចិត្តសិល្បៈ និងអ្នកប្រមូលទិញសិល្បៈ៕