(ភ្នំពេញ)៖ ដើម្បីលើកស្ទួយវិស័យប្រកួតប្រជែងសម្រស់ និងទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា លោក អ៊ិន សុភិន ដែលជាអ្នកគ្រប់គ្រងកម្មវិធីប្រកួតប្រជែងសម្រស់លំដាប់ពិភពលោក Miss Global 2023 បានប្រកាសថា កម្ពុជានឹងរៀបចំ Miss Global 2024 ផ្ដាច់មុខលើទឹកដីរបស់ខ្លួនសារជាថ្មីម្ដងទៀត បន្ទាប់ពី Miss Global 2023 ទទួលបានជោគជ័យលើសពីការរំពឹងទុក។
ថ្លែងក្នុងសន្និសីទកាសែត កាលពីរសៀលថ្ងៃទី២២ ខែមករា លោក អ៊ិន សុភិន ថៅកែផលិតកម្មមហាហង្ស និងជាអ្នកគ្រប់គ្រងដឹកនាំការប្រកួត Miss Global 2023 ដែលផ្ដាច់ព្រ័ត្រកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នោះបានប្រកាសថា ថៅកែផលិតកម្មមហាហង្សរូបនេះបញ្ជាក់ថា វិស័យបវរកញ្ញាមិនអាចមើលរំលងបានទេ ពោលគឺការរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យបែបនេះធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ ហើយក៏ជួយជម្រុញវិស័យទេសចរណ៍កម្ពុជាឲ្យកាន់តែផុសផុលដល់ភ្ញៀវអន្ដរជាតិមកទស្សនាកម្ពុជាកាន់តែច្រើន។
សម្រាប់រវដូវកាលថ្មីការប្រកួតបវរកញ្ញាសកលលោក ២០២៤ (Miss Global 2024) ខាងមុខនេះកម្ពុជាទទួលបានអាជ្ញាប័ណ្ឌ (license) ផ្ដាច់មុខក្នុងការរៀបចំព្រឹត្ដិការណ៍ដ៏ធំលក្ខណៈអន្ដរជាតិ ដែលនេះជារឿងល្អសម្រាប់កម្ពុជាដើម្បីឲ្យពិភពលោកបានស្គាល់កម្ពុជាកាន់តែច្បាស់ថែមទៀត តាមរយៈការប្រជែងសម្រស់បវរកញ្ញាលំដាប់ពិភពលោកមួយនេះ។ លោក អ៊ិន សុភិន ប្រាប់ទៀតថា ការប្រកួត Miss Global 2024 នឹងចាប់ផ្ដើមពីថ្ងៃទី១១ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយតាមព័ត៌មានដែលលោកទទួលបាន គឺមានបេក្ខភាពមកពីប្រទេសផ្សេងៗចូលរួមប្រកួតច្រើនលើសពី Miss Global 2023 ទៅទៀត។ ការដែលកម្ពុជាទទួលបានការទុកចិត្តពីស្ថាប័ន Miss Global ឲ្យរៀបចំផ្ដាច់មុខ Miss Global 2024 នោះគឺដោយសារតែការរៀបចំ Miss Global 2023 ទទួលបានជោគជ័យ និងបញ្ចប់ទៅដោយរលូន ទើបពិភពលោកមានការចាប់អារម្មណ៍ខ្លាំងលើកម្ពុជាដែលជាម្ចាស់ផ្ទះរៀបចំ Final ព្រឹត្តិការណ៍ដ៏ធំមួយនេះ បើទោះជានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (Simi Final ) រៀបចំនៅវៀតណាមក្ដី។
តាមប្រភពថា សម្រាប់ការទទួលបានសិទ្ធិផ្ដាច់មុខរៀបចំ Miss Global 2024 ខាងមុខនេះលោក អ៊ិន សុភិន បានទិញ License ពី Miss Global ដល់ទៅប្រមាណ៣០ម៉ឺនដុល្លារ ខណៈដែលការរៀបចំប្រកួត Miss Global 2023 ទាំង៣វគ្គនៅកម្ពុជានោះ ការចំណាយក្បែរ១លានដុល្លារឯណោះ។
នៅថ្ងៃសន្និសីទសារព័ត៌មានបិទបញ្ចប់លទ្ធផលការប្រកួត Miss Global 2023 នោះក៏មានជយលាភីទាំង៥ ឆ្លើយរាល់សំណួររបស់អ្នកកាសែត គឺម្ចាស់មកុដ (The Winner Miss Global 2023) កញ្ញា Ashley Melendez បវរកញ្ញាមកពីប្រទេស Puerto Rico,លំដាប់រងទី១ បវរកញ្ញាមកពីប្រទេស Samoa, លំដាប់រងទី២បវរកញ្ញាមកពីប្រទេសThailand, លំដាប់រងទី៣ បវរកញ្ញា មកពីប្រទេស Philippines និងលំដាប់រងទី៤ បវរកញ្ញាមកពីប្រទេសVietnam ,បវរកញ្ញាតំណាងឲ្យកម្ពុជាកញ្ញា លក្ខណ៍ មុនីអានីតា និងថ្នាក់ដឹកនាំរបស់ Miss Global ផងដែរ។
ម្ចាស់មកុដ Miss Global 2023 កញ្ញា Ashley Melendez បរកញ្ញាមកពីប្រទេស Puerto Rico បានថ្លែងថានាងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីFan នៅប្រទេសកម្ពុជាហើយនឹងពាំនាំអ្វីដែលមាននៅកម្ពុជាទៅប្រាប់ប្រជាជននៅប្រទេសរបស់នាងឲ្យបានដឹង។ បវរកញ្ញាសាម័រ លំដាប់រងទី១ ថានាងមានមោទនភាពដែលបានចូលរួមប្រកួតវេទិការមួយនេះ ហើយទទួលបានលទ្ធផលល្អ នឹងពេលនេះធ្វើឲ្យពិភពលោកស្គាល់ប្រទេស Samoa កាន់តែច្រើន។ លំដាប់រងទី២ កញ្ញាកាន បវរកញ្ញាថៃ ថានាងបានបញ្ចេញសម្ថភាពអស់ហើយ និងថាស្រលាញ់ប្រទេសកម្ពុជា។ លំដាប់រងទី៣ បវរកញ្ញាមកពីប្រទេសហ្វីលីពីន ថាបានស្គាល់ច្បាស់ប្រាសាទអង្គវរត្តរបស់ខ្មែរដ៏ល្បីល្បាញ ហើយនាងពេញចិត្តលទ្ធផលមួយនេះ។ ចំណែកលំដាប់រងទី៤ បវរកញ្ញាមកពីប្រទេសវៀតណាម ថានាងពេញចិត្តចំពោះលទ្ធផលមួយនេះ ហើយនាងស្រឡាញ់ប្រទេសកម្ពុជា។
អ្នកគ្រប់គ្រងការប្រកួត Miss Global 2023 របស់វៀតណាមបានថ្លែងថា លោកពេញចិត្តចំពោះការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅកម្ពុជា ព្រោះប្រទេសទាំងពីរនៅជិតគ្នា ងាយស្រួលធ្វើដំណើរទៅមក ហើយលោកចង់ឲ្យកម្មវិធីប្លែក និងម្យ៉ាងលោកស្រលាញ់ប្រទេសកម្ពុជាផងដែរ ។
គូរបញ្ជាក់ថា ការប្រកួត Miss Global 2023 បានធ្វើនៅ២ប្រទេសគឺនៅកម្ពុជានិងវៀតណាម ដែលចាប់ផ្ដើមពីថ្ងៃទី២ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ក្នុងនោះកម្ពុជារៀបចំ៣វគ្គគឺវគ្គបំពាក់ឆៀង ,វគ្គបង្ហាញឈុតតំណាងជាតិ និងវគ្គផ្ដាច់ព្រ័ត្រ (Final )នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ដែលមានបេក្ខភាពចំនួន៨២ប្រទេសចូលរួម ហើយជាលទ្ធផលកញ្ញា Ashley Melendez បវរកញ្ញាមកពីប្រទេស Puerto Rico គឺជាម្ចាស់គ្រងមកុដ៕