(ភ្នំពេញ)៖ អាចនិយាយបានថា ជាជោគជ័យថ្មីមួយទៀត សម្រាប់បទចម្រៀង «Call Me PaPa» របស់តារាចម្រៀងបែបយុវវ័យ ខេមរៈ សិរីមន្ត សម្រាប់ដើមឆ្នាំ២០២៤នេះ ខណៈដែលបទចម្រៀងកំពុងល្បីល្បាញមួយបទនេះ មានអ្នកចូលទស្សនា និងស្ដាប់កម្សាន្តរហូតដល់ទៅ ១៤០០លានដង ក្នុ្ងបណ្ដាញសង្គម Tik Tok ជុំវិញពិភពលោក ដែលជាកំណត់ត្រាថ្មីមួយ សម្រាប់បទចម្រៀងនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការបង្ហាញលើផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra។
តារាចម្រៀងល្បីឈ្មោះប្រចាំក្នុងផលិតកម្ម Galaxy Navatra និងជាម្ចាស់បទ «Call Me PaPa» លោក ខេមរៈ សិរីមន្ត បានបង្ហាញអារម្មណ៍ក្នុងបណ្ដាញសង្គមផ្លូវការរបស់ខ្លួនថា «រំភើបខ្លាំងមនុស្ស១៤០០លាននាក់ (ដង) នៅជុំវិញពិភពលោកបានឃើញនឹងបានស្តាប់បទ Call me papa នៅលើបណ្តាញសង្គម Tik tok លើយូធូប ៩លានដង រយៈពេល១ខែ នេះគឺជាការបំបែកកំណត់ត្រាថ្មីរបស់ខ្ញុំ និងរបស់ប្រជាជនកម្ពុជាទាំងអស់គ្នា..!»
ភាពល្បីល្បាញនៃបទចម្រៀង «Call Me PaPa» គឺជាសមិទ្ធផលធំថ្មីមួយទៀតរបស់តារាចម្រៀង ខេមរៈ សិរីមន្ត នៅក្នុងផលិតកម្ម Galaxy Navatra ហើយក៏ជាមោទនភាពដ៏ធំមួយសម្រាប់វិស័យសិល្បៈចម្រៀងខ្មែរនៅលើឆាកអន្តរជាតិ ដោយសារតែបទចម្រៀងមួយបទនេះ អាចទាក់ទាញអ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេសឲ្យចូលទស្សនាច្រើន ជាពិសេសនៅលើបណ្តាញសង្គម Tik Tok មានអ្នកចូលទស្សនារហូតដល់ទៅ ១៤០០លានដងនៅជុំវិញពិភពលោក ដែលចំនួននេះមិនធ្លាប់មានឡើយ ក្នុងប្រវត្តិសាស្ត្របទចម្រៀងរបស់ខ្មែរ រយៈពេលដ៏ខ្លីនេះ។
សិល្បករខ្មែរជាច្រើនរូប បានសាទរចំពោះភាពល្បីល្បាញនៃបទចម្រៀង «Call Me PaPa» របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត នេះដោយចាត់ទុកថា គឺជាមោទនភាពខ្លាំងណាស់ សម្រាប់វិស័យសិល្បៈចម្រៀងនៅក្នុងប្រទេសកម្ពុជា។
បទ «CALL ME PAPA» ត្រូវបានមហាជនក៏ដូចជាអ្នកផលិតវីដេអូល្បីឈ្មោះជាច្រើន បានវាយតម្លៃថាបទចម្រៀងរបស់កម្ពុជាមួយបទនេះ មិនចាញ់បទចម្រៀងល្បីលើពិភពលោកឡើយ ព្រោះកាមេរ៉ាដែលប្រើប្រាស់ថតបទចម្រៀងមួយបទនេះ ជាកាមេរ៉ាទំនើបចុងក្រោយគេ ហើយអ្នកថតសុទ្ធតែប្រជុំទៅដោយអ្នកជំនាញៗ។
តាមរយៈបទចម្រៀងនេះហើយ បានជំរុញទឹកចិត្តឲ្យកំពូលតារាចម្រៀងរូបនេះ នាំយកអ្វីដែលថ្មីៗទៅកាន់ទស្សនិកជន ជាពិសេសអ្នកគាំទ្ររបស់ខ្លួន ដោយលោក ខេមរៈ សិរីមន្ដ ជាអ្នកចេញដឹកនាំការផលិតដោយខ្លួនឯងផ្ទាល់តែម្ដង៕