(គីវ)៖ អតីតខ្សែប្រយុទ្ធអ៊ុយក្រែន Andriy Shevchenko បានជាប់ការបោះឆ្នោត ជាប្រធានសមាគមបាល់ទាត់អ៊ុយក្រែន (UAF) នៅថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។
បុរសវ័យ ៤៧ឆ្នាំរូបនេះបានទទួលការគាំទ្រ៩៣ ក្នុងចំណោម៩៤សម្លេងបោះឆ្នោត នៅឯសមាជ UAF នៅទីក្រុង Kyiv។
លោក Shevchenko ដែលបានចូលនិវត្តន៍ពីអាជីពកីឡាករ ក្នុងឆ្នាំ២០១២ បន្ទាប់ពីលេងឱ្យក្លិប Dynamo Kyiv, AC Milan និងក្លិប Chelsea នោះ បានជំនួសតំណែងលោក Andriy Pavelko ដែលបានកាន់តំណែងរយៈពេលយូរ ជាប្រធាន UAF ដែលកំពុងប្រឈមមុខនឹងការកាត់ក្តី នៅក្នុងប្រទេសអ៊ុយក្រែន ពីបទកេងប្រវ័ញ្ច ខណៈលោកបានបដិសេធក្នុងការធ្វើខុស។
លោក Shevchenko គឺជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេ គ្រប់ពេលទាំងអស់ របស់អ៊ុយក្រែន ជាមួយនឹងគ្រាប់បាល់រកបាន៤៨គ្រាប់ ក្នុង១១១ប្រកួត គិតចាប់ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០១២។
លោកក៏ធ្លាប់ធ្វើជាអ្នកចាត់ការក្រុមជម្រើសជាតិអ៊ុយក្រែន ដែលបានដឹកនាំក្រុម ឡើងទៅវគ្គ៨ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ European Championship ឆ្នាំ២០២០ផងដែរ៕