(បរទេស)៖ ទទួលបានរបាយការណ៍មកថា បុគ្គលិករបស់ Google ម្នាក់ដែលមានឈ្មោះថា Liren Chen អាយុ២៧ ឆ្នាំដែលកាន់តួនាទីជា software engineer ត្រូវបានចាប់ខ្លួន ពីបទឃាតកម្ម បន្ទាប់ពីបានវាយប្រពន្ធរបស់គាត់ឈ្មោះ Xuanyi Yu រហូតដល់ស្លាប់។ នេះបើយោងតាមសារព័ត៌មាន RT នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤។
ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងផ្ទះរបស់ពួកគេនៅ Santa Clara រដ្ឋកាលីហ្វ័រញ៉ាដែលមានតម្លៃប្រមាណ ២,០៥លានដុល្លារ ជាកន្លែងដែល Yu ត្រូវបានគេប្រទះឃើញដេកស្លាប់នៅជិតបន្ទប់គេងជាមួយនឹងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ។ Chen ដែលជាវិស្វករផ្នែកសូហ្វវែរនៅ Google ត្រូវបានគេរកឃើញថាឈរនៅក្បែរនោះ ជាមួយនឹងសម្លៀកបំពាក់ រួមទាំង ដៃ និង ជើងរបស់គាត់ប្រឡាក់ទៅដោយឈាម។
ក្រោយការចាប់ខ្លួនលោក Chen ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ គូស្នេហ៍មួយគូនេះមានអាយុ ២៧ដូចគ្នា នឹងឆ្នាំបានសិក្សាជាមួយគ្នានៅសកលវិទ្យាល័យ Tsinghua ក្នុងប្រទេសចិន ហើយបានធ្វើការជាវិស្វករផ្នែកស្វហ្វវែលនៅ Google ជាមួយគ្នាផងដែរ។
គួរជម្រាបដែរថា ព្រឹត្តិការណ៍សោកនាដកម្មនេះបានធ្វើឱ្យសហគមន៍បច្ចេកវិទ្យា (tech community) មានការភ្ញាក់ផ្អើលជាខ្លំាង។ ជាមួយគ្នានេះ Google ក៏បានសម្តែងការសោកសៅយ៉ាងខ្លាំង និងបានផ្តល់ការលើកទឹកចិត្តដល់គ្រួសារ និងមិត្តរួមការងាររបស់ Yu ផងដែរ។
រហូតមកទល់ពេលនេះគេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា មូលហេតុអ្វីបានជាលោក Chen ឈានដល់ការសម្លាប់ប្រពន្ធ ខណៈមន្ត្រីប៉ូលីសកំពុងបើកការស៊ើបអង្កេតបន្ត៕