(បរទេស)៖ មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថា ក្រុមហ៊ុនអាមេរិកចំនួន១៥ រួមទាំងក្រុមហ៊ុនផលិតបន្ទះឈីប (semiconductors) បានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគចំនួន ៨ពាន់លានដុល្លារ ក្នុងហេដ្ឋារចនាសម្ព័ន្ធថាមពលស្អាតរបស់ប្រទេសវៀតណាម ដែលទាក់ទងនឹងវឌ្ឍនភាពរបស់ប្រទេសនេះលើច្បាប់ថាមពលកកើតឡើងវិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤។
នេះគឺជា ភាពជោគជ័យដ៏ធំធេងរបស់ប្រទេសវៀតណាម ខណៈពេលដែលប្រទេសនេះកំពុងស្វែងរកការទាក់ទាញក្រុមហ៊ុនផលិតបន្ទះឈីប និងចង់ពង្រីកវិស័យថាមពលកកើតឡើងវិញរបស់ខ្លួន។ ការវិនិយោគនេះស្របតាមគោលដៅទាំងពីរ ហើយទំនងជាអាចដាក់ប្រទេសវៀតណាមជាមជ្ឈមណ្ឌលសម្រាប់បច្ចេកវិទ្យា និងផលិតកម្មផងដែរ។
យ៉ាងណាមិញចំពោះក្រុមហ៊ុនអាមេរិកទាំង១៥ ដែលកំពុងត្រៀមខ្លួនបោះទុនទៅវៀតណាម មិនត្រូវមន្ត្រីជាន់ខ្ពស់អាមេរិក បង្ហាញឈ្មោះជាសាធារណៈនោះទេ។
យោងតាមប្រសាសន៍របស់លោក Jose Fernandez អនុរដ្ឋលេខាធិការអាមេរិកទទួលបន្ទុកកំណើនសេដ្ឋកិច្ច និងបរិស្ថានបានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហាណូយថា «ពួកគេបានត្រៀមខ្លួនរួចជាស្រេចក្នុងការវិនិយោគចំនួន ៨ពាន់លានដុល្លារ»។ លោក Fernandez បានគូសបញ្ជាក់ថា ក្រុមហ៊ុនទាំងនោះមានកាតព្វកិច្ចចំពោះម្ចាស់ភាគហ៊ុន ដូច្នេះការវិនិយោគនឹងមានលក្ខខណ្ឌលើវឌ្ឍនភាពបទប្បញ្ញត្តិស្តីពីថាមពលកកើតឡើងវិញនៅក្នុងប្រទេសវៀតណាម។ លោកបានបន្តថា៖ «ពួកគេបានសន្យាចំពោះម្ចាស់ភាគហ៊ុន និងអតិថិជន ដោយពួកគេនឹងប្រើតែថាមពលកកើតឡើងវិញតែប៉ុណ្ណោះ» ដោយបន្ថែមថាក្រុមហ៊ុនទាំង១៥ របស់អាមេរិក កំពុងរង់ចាំការអនុញ្ញាតជាមុនសិន ទើបពួកគេអាចចាប់ផ្តើមគម្រោងវិនិយោគនោះ។
គួរជម្រាបដែរថា ពេលនេះប្រទេសវៀតណាមកំពុងពិចារណាលើគម្រោងវិនិយោគពីក្រុមហ៊ុនអាមេរិក ដើម្បីអនុម័តបទប្បញ្ញត្តិដែលនឹងអនុញ្ញាតឱ្យរោងចក្រចរចាតម្លៃអគ្គិសនីដោយផ្ទាល់ជាមួយអ្នកផលិតជាជាងទិញវាពីប្រតិបត្តិករបណ្តាញថាមពលរបស់ប្រទេសវៀតណាម។ សូមបញ្ជាក់ដែរថា «ថាមពលកកើតឡើងវិញ» សំដៅដល់ថាមពលបានមកពីប្រភពធម្មជាតិ ដូចជា ខ្យល់ និងពន្លឺព្រះអាទិត្យដែលអាចកកើតឡើងវិញ ដើម្បីបំពេញចំនួនដែលបាត់បង់ និងមិនចេះរីងស្ងួត នេះបើយោងតាម United Nations៕