(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal បានលេងឈ្នះក្រុមកំពូលតារាង Premier League គឺហង្សក្រហម Liverpool ៣-១ នៅនារាត្រីថ្ងៃអាទិត្យ បន្តប្រដេញតំណែងកំពូលតារាងមកត្រឹម ២ពិន្ទុវិញ គិតត្រឹមសប្តាហ៍ទី២៣ ជើងទី២ ដូចគ្នា។
៣ពិន្ទុក្នុងកីឡដ្ឋាន Emirates របស់ខ្លួន បានធ្វើឲ្យក្រុមលេខ២ ពេលបញ្ចប់រដូវកាលមុនក្នុងលីគ Arsenal រកបាន ៤៩ពិន្ទុ ចាញ់ប្រៀបក្រុមកំពូលតារាង Liverpool មកនៅត្រឹម ២ពិន្ទុវិញ ដែលហង្សមាន ៥១ពិន្ទុ គ្រាដែលក្រុមការពារតំណែងជើងឯក មេឃខៀវ Manchester City ឈរនៅលេខ៣ មាន ៤៦ពិន្ទុ និងនៅសល់ ២ប្រកួតក្នុងដៃផងដែរ។
ក្នុងប្រកួតរយៈពេល ៩០នាទីពេញក្នុងកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង London ប្រទេសអង់គ្លេស កីឡាករ Bukayo Saka ជាអ្នករកបានគ្រាប់បែកពងមាន់នៅនាទី១៤ នៅមុនពេលមិត្តរួមក្រុម Magahlaes បានធ្វេសប្រហែសធ្វើឱ្យចូលទីខ្លួនឯងនៅនាទីចុងម៉ោង បើកផ្លូវឱ្យហង្សក្រហមតាមស្មើ ១-១ វិញ។
យ៉ាងណាក៏ដោយសម្រាប់ ៤៥នាទីដែលនៅសល់នៃវគ្គទី២ Gabriel Martinelli ផ្តើមរកបានគ្រាប់នាំមុខជាថ្មីឱ្យ Arsenal ក្នុងជំនួបដែលអ្នកចាំទីប្រេស៊ីល Alisson បានសង្រ្គោះបាល់ error ២គ្រាប់ និងបង្ខំចិត្តលេងតែសមាជិក ១០នាក់ប៉ុណ្ណោះចាប់ពីនាទី៨៨ មកសម្រាប់ក្រុមភ្ញៀវ ក៏ព្រោះខ្សែការពារ Konate ទទួលបានកាតក្រហម នៅមុនពេលកីឡាករប៊ែលហ្សិក Trossard បន្ថែមគ្រាប់ទី៣ សម្រាប់ម្ចាស់ផ្ទះក្នុងការធានា ៣ពិន្ទុក្នុងដីនៅនាទី៩០+២៕