(សៀមរាប)៖ ក្រុមអ្នកជំនាញជួសជុលនៅខឿនរួតទី១របស់ប្រាសាទបាយ័នបានឱ្យដឹងថា ក្នុងចំណោមថ្មចំនួនប្រមាណ២០០០ដុំ គរនៅទីតាំងខាងត្បូងឆៀងខាងលិចប្រាសាទបាយ័ន ដែលចាប់ផ្តើមរើតាំងពីពាក់កណ្តាលខែមករា ឆ្នាំ២០២៤ ត្រូវបានរកឃើញចំនួនជាង៤០០ដុំ ដែលអាចកំណត់អត្តសញ្ញាណបានថា គឺជាថ្មធ្លាក់មកពីថែវទី២ និងកំពូលព្រហ្មមុខបួននៅជ្រុងនិរតីនៃប្រាសាទបាយ័ន ប៉ុន្តែចំពោះថ្មជាច្រើនទៀត គេមិនទាន់ដឹងថាមានប្រភពមកពីណានៅឡើយ។
បុគ្គលិកជួសជុលប្រាសាទរបស់អាជ្ញាធរជាតិអប្សរា និងជាអ្នកជំនាញរកថ្ម លោក ញ៉ុក ឡូ ឱ្យដឹងថា ក្នុងការរើគំនរថ្មទិសខាងត្បូងប៉ែកខាងលិចរបស់ប្រាសាទបាយ័ននៅជំហានដំបូងនេះ បានរកឃើញថ្ម និងអាចកំណត់អត្តសញ្ញាណជាច្រើនប្រភេទដូចជា ថ្មផ្តែរ ថ្មចិញ្ចើមព្រហ្ម ថ្មទងត្រចៀករបស់ព្រហ្មមុខបួន ថ្មសរសរពេជ្រ ថ្មហោជាង និងដំបូលរបស់ប្រាសាទបាយ័ន។ ដោយឡែក ថ្មមានចម្លាក់ជាទងត្រចៀក បបេមាត់ទាំងនោះ បានជ្រុះធ្លាក់ពីកំពូលមុខព្រហ្មលេខ២៧ រួមទាំងធ្លាក់ពីថែវទី២ ដែលនៅទល់មុខ និងគំនរថ្មនេះតែម្តង។
អ្នកជំនាញរូបនេះ បញ្ជាក់ទៀតថា ចំពោះដុំថ្មដែលអាចកំណត់អត្តសញ្ញាណបាន គឺត្រូវរៀបទុកមួយផ្នែកសម្រាប់យកមកផ្គុំគ្នាឡើងវិញ។ រីឯថ្មមួយចំនួនទៀត មិនទាន់អាចកំណត់អត្តសញ្ញាណបានត្រូវទុកដាច់ដោយឡែកជាបណ្តោះអាសន្នសិន។
ស្ថាបត្យករ និងជាអ្នកគ្រប់គ្រងការដ្ឋានជួសជុលខឿនរួតទី១ប្រាសាទបាយ័ន កញ្ញា ម៉េង សុវណ្ណលីលីន ឱ្យដឹងថា មុននឹងឈានដល់ការជួសជុលថ្មកម្រាលដែលស្រុត និងជួសជុលប្រព័ន្ធបង្ហូរនៅទិសខាងត្បូងឆៀងខាងលិចនៅរួតទី១នៃប្រាសាទបាយ័នឡើងវិញ ជាដំបូង ក្រុមការងារត្រូវរើគំនរថ្មដែលនៅខាងក្រោយជញ្ជាំងរោងទងនៃទីតាំងជួសជុលជាចាំបាច់។ ការងារជំហានទី១ គឺត្រូវចុះបញ្ជីថ្មនីមួយៗ និងរើម្តងមួយៗ បែងចែកទៅតាមប្រភេទថ្ម ដើម្បីងាយស្រួលរកតួនាទី និងទីតាំងរបស់វា លើកលែងតែថ្មដំបូលទាំងអស់ហ្នឹងត្រូវយកចេញទៅខាងក្រៅ រៀបគរលើគ្នាឱ្យមានសណ្ដាប់ធ្នាប់ អ្វីដែលយើងចង់បាន គឺរកឃើញផ្នែកខាងលើបំផុតនៃតួប្រាង្គមុខបួន។
កញ្ញា ម៉េង សុវណ្ណលីលីន ឱ្យដឹងទៀតថា ជាផែនការ ក្រុមការងារនឹងព្យាយាមរុករកទីតាំងដើមរបស់គំនរថ្មនីមួយៗ ហើយបើសិនមានលទ្ធភាពនឹងរៀបចំថ្មដែលរកឃើញទាំងអស់នោះទៅទីតាំងដើមវិញនាពេលអនាគត៕