(ភ្នំពេញ)៖ គូឯកប្រចាំសប្ដាហ៍ទី២០ នៃលីគកំពូលកម្ពុជា រវាងក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង និងក្រុមភ្នំពេញក្រោន នៅកីឡដ្ឋានខេត្តស្វាយរៀង កាលពីរាត្រីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ចប់ដោយភាពតានតឹង និងក្ដៅគគុកទាំងក្នុង និងក្រៅទីលាន គ្រាដែលក្រុមម្ចាស់ផ្ទះ បានវាយបកឈ្នះក្រុមសិង្ហក្រហម ៣-២ ដើម្បីរក្សាកៅអីកំពូលតារាង។ អ្វីដែលគួរភ្ញាក់ផ្អើល ក្រោយបញ្ចប់ការប្រកួតដ៏ធំនេះ បានផ្ទុះការប៉ះទង្គិចគ្នាមួយប្រាវរវាងអ្នកគាំទ្រក្រុមទាំងពីរ រហូតបង្កឲ្យមានរបួសស្នាមទៀតផង។

សម្រាប់ការជំនួបជុំទី៣ ដែលអ្នកគាំទ្រចាត់ទុកជាការប្រកួតដណ្ដើមកៅអីកំពូលតារាងនេះ កីឡាករ Shimizu Shintaro បានជួយភ្នំពេញក្រោន ឲ្យនាំមុខក្រុមម្ចាស់ផ្ទះ ១គ្រាប់មុន ត្រឹមនាទី២២ តែត្រូវបានកីឡាករ សារ៉េត គ្រីយ៉ា វាយបកគ្រាប់តាមស្មើឲ្យព្រះខ័នរាជស្វាយរៀង នៅម៉ោងបន្ថែមនៃវគ្គទី១។ ចូលវគ្គទី២ ការប្រកួតកាន់តែស្វិតស្វាញ គ្រាដែលខ្សែប្រយុទ្ធជប៉ុន Shimizu Shintaro បានរកគ្រាប់បាល់នាំមុខឲ្យភ្នំពេញក្រោន ជាថ្មីនៅនាទី៥៧ តែប្រមាណ ១០នាទីក្រោយមក ព្រះខ័នរាជស្វាយរៀង ក៏តាមស្មើម្ដងទៀត ដោយកីឡាករ Ryo Fujii នៅនាទី៦៨។

បន្ទាប់ពីរកបាន ២គ្រាប់ស្មើគ្នា បានធ្វើឲ្យការប្រកួតដែលមានអ្នកទស្សនាផ្ទាល់ជិត ៤ពាន់នាក់នេះ កាន់តែឡើងកម្ដៅ ដោយក្រុមទាំងពីរ បានព្យាយាមវាយសម្រុកគ្នាកាន់តែខ្លាំង រហូតដល់ចុងម៉ោង ទើបកីឡាករ Bounkong Bounphachan បានរកគ្រាប់បាល់នាំមុខឲ្យក្រុមម្ចាស់ផ្ទះវិញ នៅនាទី៨៥ បន្ទាប់ពីការបញ្ជូនបាល់ដោយប្រើកែងជើង (ពែនទៅក្រោយ) ដាច់ចង្កោះខ្សែការពារក្រុមភ្ញៀវ នាំឲ្យខ្សែប្រយុទ្ធជនជាតិឡាវ ដែលទើបប្ដូរចូល មានឱកាសស៊ុតបញ្ចប់ទី ហើយក៏ជាគ្រាប់បាល់ជួយឲ្យព្រះខ័នរាជស្វាយរៀង ឈ្នះក្រុមភ្នំពេញក្រោន ៣-២ ផងដែរ។

ទន្ទឹមជាមួយការបញ្ចប់ការប្រកួតដ៏តានតឹងលើទីលាន ក៏ផ្ទុះរឿងក្ដៅគគុកក្រៅទីលានវិញម្ដង ពោលគឺមានអ្នកគាំទ្រ ២ក្រុម ដែលត្រូវបានអះអាងថា ជាក្រុមអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ និងក្រុមភ្ញៀវ បានប៉ះទង្គិចគ្នា រហូតបង្កជាហិង្សាក្នុងបរិវេណកីឡដ្ឋានខេត្តស្វាយរៀង និងមានរបួសស្នាមទៀតផង។ ជុំវិញរឿងរ៉ាវដែលមិនគួរកើតឡើងនេះ នាំឲ្យអ្នកស្នេហាវិស័យកីឡា សម្ដែងការហួសចិត្តជាខ្លាំង ទោះបីមិនទាន់ដឹងមូលហេតុ ឬរកខុសត្រូវយ៉ាងណា តែទង្វើបែបនេះ មិនត្រូវបានគាំទ្រឡើយ។ បែបនេះក្ដី អ្នកគាំទ្រក៏កំពុងរង់ចាំមើលចំណាត់ការរបស់គណៈកម្មការរៀបចំការប្រកួត ចំពោះករណីប៉ះទង្គិចគ្នាក្រៅទីលានប្រកួតនេះផងដែរ។

ត្រឡប់មកចាប់អារម្មណ៍លទ្ធផលការប្រកួតខាងលើវិញ ក្រោយជំនួបរវាងក្រុមខ្លាំងទាំងពីរ នាំឲ្យក្រុមព្រះខ័នរាជស្វាយរៀង រក្សាបានកំណត់ត្រាមិនស្គាល់ចាញ់ភ្នំពេញក្រោន សម្រាប់ជំនួប ៣លើក ក្នុងរដូវកាលនេះ ពោលគឺព្រះខ័នរាជស្វាយរៀង ឈ្នះ ២ និងស្មើ ១។ បច្ចុប្បន្នព្រះខ័នរាជស្វាយរៀង បានបន្ដឈរកំពូលតារាង និងរកបាន ៥០ពិន្ទុ នាំមុខក្រុមភ្នំពេញក្រោន ដែលឈរលេខ២ និងរក្សា ៤៥ពិន្ទុក្នុងដៃ ហើយមានគម្លាតពិន្ទុឆ្ងាយពីគូប្រជែងផ្សេងទៀត ដូចជាវិសាខា រកបាន ៣៥ពិន្ទុ ខណៈក្រុមបឹងកេត និង ISI ដង្កោសែនជ័យ ទើបរកបាន ២៨ពិន្ទុប៉ុណ្ណោះ៕