(ភ្នំពេញ)៖ ទីបំផុតមូលនិធិ GX Foundation បានសម្រេចជោគជ័យ ក្នុងការវះកាត់ជាសកល ជំងឺភ្នែកឡើងបាយ ឱ្យបាន១ម៉ឺននាក់ ដោយ«គម្រោងលុបបំបាត់ភាពពិការភ្នែក ដោយជំងឺភ្នែកឡើងបាយមិនគិតថ្លៃ» គឺមានក្នុងប្រទេសចំនួន៥ រួមមាន កម្ពុជា ឡាវ ជីប៊ូទី ម៉ូរីតានី និងសេណេហ្គាល់ ហើយអ្នកជំងឺភ្នែកឡើងបាយ លេខរៀងទី១ម៉ឺន គឺនៅកម្ពុជា។

«គម្រោងលុបបំបាត់ភាពពិការភ្នែក ដោយជំងឺភ្នែកឡើងបាយមិនគិតថ្លៃ» ដោយមូលនិធិ GX Foundation មាននៅក្នុងប្រទេសចំនួន៥ខាងលើនេះ គឺបានចាប់ផ្ដើមតាំងពីខែកញ្ញា ឆ្នាំ២០២២ មកដល់បច្ចុប្បន្ននេះ។

កាលពីពេលថ្មីៗកន្លងមកនេះ លោក Leung Chun-Ying ប្រធានមូលនិធិ GX Foundation និងជាអនុប្រធានគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សាយោបល់នយោបាយប្រជាជនចិន និងលោកស្រីសាស្រ្តាចារ្យ Emily CHAN Ying-Yang នាយកប្រតិបត្តិនៃមូលនិធិ GX Foundation បានចុះសួរសុខទុក្ខអ្នកជំងឺដែលបានវះកាត់ភ្នែករួច នៅខេត្តព្រៃវែង និងបានអបអរសាទរលើការវះកាត់ជាសកល ជូនដល់អ្នកជំងឺទី ១០,០០០នៃការវះកាត់នៅកម្ពុជា ជាមួយនិងមន្ត្រីមូលដ្ឋានក្រុមគ្រូពេទ្យខេត្តព្រៃវែង។

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជានេះ លោកប្រធាន LEUNG Chun-Ying និងលោកស្រីសាស្ត្រាចារ្យ Emily CHAN Ying-Yang ក៏បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៤នេះ។

ស្របពេលទទួលបានជោគជ័យលើ «គម្រោងលុបបំបាត់ភាពពិការភ្នែក ដោយជំងឺភ្នែកឡើងបាយ» របស់មូលនិធិ GX Foundation ក្នុងពេលជាមួយគ្នានេះដែរ ក៏មានការដាក់ឱ្យដំណើរការ «គម្រោងសាកល្បងសម្រាប់ការការពារសុខភាពប្រឆាំងនឹងជំងឺគ្រុនឈាម» នៅប្រទេសទីម័រខាងកើត ហើយក៏ត្រូវបានពិភាក្សាលើវិស័យសុខភាពសាធារណៈនៅកម្ពុជា ដើម្បីស្វែងរកមធ្យោបាយពង្រឹងកិច្ចសហប្រតិបត្តិបន្ថែមទៀតផងដែរ។

សូមបញ្ជាក់ថាមូលនិធិ GX Foundation ក្រោមការដឹកនាំរបស់លោក Leung Chun-ying ជាប្រធាន បានចូលរួមចំណែកជួយដល់ប្រទេសកម្ពុជាយ៉ាងសកម្មលើវិស័យសុខាភិបាល ជាពិសេសក្នុងគ្រាកម្ពុជាជួបវិបត្តិជំងឺឆ្លងកូវីដ-១៩។

បច្ចុប្បន្នមូលនិធិ GX Foundation កំពុងបន្តគម្រោងវះកាត់ភ្នែកឡើងបាយ និងប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាមនៅកម្ពុជា។ គម្រោងនេះពិតជាមានអត្ថប្រយោជន៍ក្នុងការចូលរួមពង្រឹង និងលើកកម្ពស់​សុខ​ភាព​សាធារណៈ ដែលជាផ្នែកមួយនៃការគាំទ្រគោលនយោបាយអភិវឌ្ឍន៍ សម្រាប់អាណត្តិទី៧​នៃរាជ​រដ្ឋា​ភិបាលកម្ពុជា៕