(ភ្នំពេញ)៖ សាលារៀនអារីហ្សូន បានបើកសម្ពោធផ្លូវការ សាខាឬស្សីកែវ និងពិធីប្រគល់ពានរង្វាន់ដល់ជយលាភីនិទ្ទេស A ប្រចាំឆ្នាំ២០២២-២០២៣ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ស្ថិតនៅអគារលេខ ២៥៤៥ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

ពិធីខាងលើនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដោយថ្នាក់ដឹកនាំក្រសួងជាច្រើនរូប រួមទាំងមានការអញ្ជើញពីលោកវេជ្ជបណ្ឌិត ជា សុខឃាង ស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន អារីហ្សូនគ្រុប លោកស្រី សម្តេចព្រះអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការរងទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នាយិកាសាខា បុគ្គលិក លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសិស្សានុសិស្សជាច្រើននាក់។

នាឱកាសនោះលោកវេជ្ជបណ្ឌិត ជា សុខឃាង បានបន្តថា បន្ទាប់ពីបានឆ្លងកាត់បទពិសោធន៍ជិត៣០ឆ្នាំ លើវិស័យអប់រំឯកជន ស្ថាប័នអប់រំអេជី ដែលមានសាលារៀនអារីហ្សូន សាលាអន្តរជាតិ ហ្គេ្រនម៉ោន មជ្ឈមណ្ឌលបណ្តុះបណ្តាលអេជី និងការិយាល័យតំណាង Global Student Cambodia ជាបុត្រសម្ព័ន្ធ ពិតជាបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍមូលធនមនុស្ស ស្របតាមគោលនយោបាយអប់រំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំយុវជន និងកីឡា ជាសេនាធិការ ដោយឈរលើល្អបីយ៉ាងពោល៖ គឺគ្រប់គ្រងល្អ បង្រៀនល្អ និងរៀនល្អ ។

គួរបញ្ជាក់ថាក្រៅពីកម្មវិធីសិក្សាជាតិរបស់ក្រសួងអប់រំយុវជន និងកីឡា លោកបានដាក់បញ្ជូលនូវកម្មវិធីសិក្សាបន្ថែមមានដូចជា កម្មវិធីសិក្សា៣ភាសា កម្មវិធីសិង្ហបុរី នៅសាលារៀនអារីហ្សូននិងកម្មវិធីសិក្សារបស់ចក្រភពអង់គ្លេស UK Cambridge GCSE & IGCSE ប្រកបដោយជោគជ័យជាផ្លែផ្កាចាប់ពីឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ន ក៏បានបូករួមបញ្ចូលភាសាចិនកុកងឺ (Mandarin)ផងដែរ។

បន្ថែមពីនេះទៀតសា្ថប័នអប់រំអជី ដែលមានសាលារៀនអារីហ្សូន សាលាអន្តរជាតិហ្គេនម៉ោន មជ្ឈមណ្ឌលបណ្តុះបណ្តាលអេជី និងការិយាល័យតំណាង Global Student Cambodia មកដល់បច្ចុប្បន្ននេះមានទីតាំងចំនួន៩ រួមមាន៖ សាខាអូឬស្សី, សាខាទួលគោក, សាខាច្បារអំពៅ១, សាខាខេត្តសៀមរាប, សាខាអូឬស្សីកែវ, សាខាផ្សាដើមថ្កូវ,
សាខាច្បារអំពៅ២, សាខាខេត្តកំពង់ធំ និងសាលាអន្តរជាតិហ្គ្រេនម៉ោន។

ជាមួយគ្នានោះលោកវេជ្ជបណ្ឌិត ជា សុខឃាង ក៏បានជំរុញលើកទឹកចិត្ដដល់សិស្សានុសិស្សឲ្យយកចិត្តទុកដាក់ខិតខំរៀនសូត្របន្ថែម ទាំងនៅសាលា និងនៅផ្ទះ និងបន្តអភិវឌ្ឍខ្លួនជានិច្ច (Personal Growth) សំដៅការសម្របខ្លួនទៅនឹងបរិបទប្រែប្រួលថ្មីៗរបស់សង្គមជាតិ តំបន់ ក៏ដូចជាពិភពលោក។ លើសពីនោះសិស្សានុសិស្សត្រូវតែប្រកាន់ខ្ជាប់ នូវវិជ្ជាសម្បទា (Knowledge) បំណិនសម្បទា (Skills) និងចរិយាសម្បទា (Attitude) និងសីលធម៌ ដើម្បីធានាថាចំណេះដឹង និងជំនាញ ដែលទទួលបានពីការសិក្សា នឹងមិនត្រូវបានប្រើប្រាស់ក្នុងផ្លូវអវិជ្ជមានឡើយ។

ជាមួយគ្នានេះដែរលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា វិទ្យាសាស្ត្របច្ចេកវិទ្យា និងជំនាញឌីជីថល បានក្លាយជាកម្លាំងមូលដ្ឋានសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក្នុងយុគសម័យឌីជីថល។ ការធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យា និងការអប់រំឌីជីថល នឹងរួមចំណែកដល់ដំណើរការនៃការសម្រេចបាននូវ គោលដៅសេដ្ឋកិច្ចជាតិទាំងមូល។ លើសពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជា ក៏បានប្ដេជ្ញាផ្លាស់ប្ដូរទៅជារដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ច និងសង្គម ដូច្នេះការអភិវឌ្ឍបច្ចេកវិទ្យា និងវិទ្យាសាស្ត្រមានសារៈសំខាន់ណាស់។ ចាប់តាំងពីឆ្នាំ២០០៤មក រាជរដ្ឋាភិបាលបានដាក់បញ្ជូលការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា គណិតវិទ្យា និងវិស្វកម្ម (STEM) និងបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ទាំងកម្រិតបឋមសិក្សា និងខ្ពស់ជាងនេះ តាមរយៈកម្មវិធី និងគោលនយោបាយផ្សេងៗ៕