(ភ្នំពេញ)៖ ពានរង្វាន់ជើងឯកស៊ូមតិ និងវោហារកោសល្យជាសាធារណៈ (CamDEBATE) រៀបចំឡើងដោយ IDP Education ក្នុងគោលបំណងលើកកម្ពស់វប្បធម៌ក្នុងការសន្ទនា ការផ្លាស់ប្តូរទស្សនៈ ដើម្បីជំរុញឲ្យមានការស្វែងយល់ពីគ្នា បង្កើតទំនាក់ទំនង និងបង្កើនចំណេះដឹងក្នុងចំណោមសិស្ស និស្សិតនៅកម្ពុជា ព្រមទាំងផ្តោតលើការអភិវឌ្ឍជំនាញទន់ដទៃទៀតរួមមានការត្រិះរិះពិចារណា និងដោះស្រាយបញ្ហាជាដើម។

កម្មវិធី CamDEBATE ក៏ជួយពង្រឹងសមត្ថភាពក្នុងការប្រើប្រាស់ភាសាអង់គ្លេសឲ្យបានកាន់តែប្រសើរ និងពង្រឹងបន្ថែមលើការសិក្សាស្រាវជ្រាវ ដែលជំរុញដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាប្រកបដោយគុណភាព និងសក្តានុពល។

លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP និងជាស្ថាបនិកនៃកម្មវិធី CamDEBATE បានលើកឡើងថា៖ «CamDEBATE ជាវេទិកាដ៏ល្អសម្រាប់ជំរុញវប្បធម៌សន្ទនាប្រកបដោយការគោរពគ្នាទៅវិញទៅមកក្នុងបរិបទដែលយើងមានគំនិតផ្សេងគ្នាលើប្រធានបទតែមួយដែលជាបច្ច័យជួយអភិវឌ្ឍលើចំណេះដឹង ជំនាញ និងបទពិសោធន៍សម្រាប់បេក្ខជន»។

CamDEBATE ២០២៣ មានបេក្ខជនចូលរួមប្រកួត ៥២៥ នាក់មាន ៨ ជាតិសាសន៍រួមទាំងកម្ពុជា ចិន ថៃ ហ្វីលីពីន ម៉ាឡេស៉ី បារាំង អាមេរិក ដែលមកពីវិទ្យាល័យ និងសាកលវិទ្យាល័យប្រមាណ ១០០ ទូទាំងប្រទេសកម្ពុជា។ CamDEBATE ២០២៤ គ្រោងនឹងទទួលបានការចូលរួមពីបេក្ខជនប្រមាណ ១០០០ នាក់។

យុវតី ឈៀង សុដានី ជាជ័យលាភីរងក្នុងឆ្នាំ ២០២៣ បានបញ្ជាក់ថា៖ «ចូលរួម CamDEBATE ពិតជាការសម្រេចដ៏សំខាន់ និងត្រឹមត្រូវសម្រាប់ខ្ញុំ។ វគ្គបណ្តុះបណ្តាល និងបទពិសោធន៍ប្រកួតជួយនាងខ្ញុំទទួលភាពក្លាហាននិងជំនឿចិត្តខ្ពស់ដែលរាល់ដងនាងខ្ញុំធ្លាប់តែភ័យខ្លាំងក្នុងការនិយាយនៅមុខមហាជន។ សមត្ថភាពនិយាយរបស់នាងខ្ញុំក៏បានប្រសើរគួរឲ្យកត់សម្គាល់»។

បេក្ខជនចូលរួម CamDEBATE នឹងទទួលបានការបណ្តុះបណ្តាលពីអ្នកជំនាញមកពីមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងស្ថាប័នដៃគូដទៃទៀតដើម្បីពង្រឹងបន្ថែមលើជំនាញស៊ូមតិ វោហារកោសល្យជាសាធារណៈ ការត្រិះរិះពិចារណា និងជំនាញដោះស្រាយបញ្ហា។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញយុវជនកម្ពុជាឲ្យចូលរួមក្នុងកម្មវិធី CamDEBATE ដោយហេតុថានេះជាវេទិកាឆ្នើម ដែលផ្តល់អត្ថប្រយោជន៍លើការអភិវឌ្ឍជំនាញស៊ូមតិ និងវោហារកោសល្យជាសាធារណៈលើកកម្ពស់សមត្ថភាពសម្រាប់ការអប់រំជាទូទៅ និងអាជីពទៅអនាគតរបស់បេក្ខជន។

សិស្ស និស្សិតអាយុពី ១៥ ឆ្នាំ ដល់ ២៣ ឆ្នាំអាចចូលរួមដើម្បីទទួលបាននូវបទពិសោធន៍ល្អៗ និងពង្រឹងនូវសមត្ថភាពរបស់ខ្លួនពីកម្មវិធី CamDEBATE។

លោកស្រី សេង សុជ្ជា អាណាព្យាបាលបេក្ខជនម្នាក់ដែលត្រៀមចូលរួម CamDEBATE ២០២៤ បានលើកឡើងថា៖ «CamDEBATE នឹងពង្រឹងនូវសមត្ថភាពភាសាអង់គ្លេសដែលជួយដល់ការសិក្សាស្រាវជ្រាវរបស់រាល់បេក្ខជនឲ្យបានកាន់តែទូលំទូលាយ និងបង្កើននូវភាពក្លាហានក្នុងការប្រាស្រ័យទាក់ទងដែលនេះជាជំនាញដ៏សំខាន់សម្រាប់ជីវភាពប្រចាំថ្ងៃ»

ជ័យលាភីនឹងទទួលបានទស្សនៈកិច្ចសិក្សានៅចក្រភពអង់គ្លេសរយៈពេល ២សប្តាហ៍ ដែលគាំទ្រដោយ Stafford House នៃ CATS Global Schools នៅចក្រភពអង់គ្លេស ពានរង្វាន់ មេដាយ និងអាហារូបករណ៍សិក្សានៅសាលា ACE។

លោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា និងជាចៅក្រម CamDEBATE ម្នាក់នារដូវកាលមុនបានសម្តែងនូវការកោតសរសើរ ពីសមត្ថភាពបេក្ខជនដែលពោរពេញដោយឆន្ទះ និងការខិតខំប្រឹងប្រែង។

លោកបានលើកឡើងថា៖ «សមត្ថភាពស៊ូមតិ និងវោហារកោសល្យជាសាធារណៈដែលបានបង្ហាញឡើងគឺពិតជាអស្ចារ្យដោយបេក្ខជននីមួយៗពិតជាបានស្រាវជ្រាវយ៉ាងលម្អិតមុននឹងលើកយកមកវែកញែកបង្ហាញ ហើយពួកគេក៏បានប្រើប្រាស់ពាក្យពេចន៍ ហេតុផល និងគំនិតល្អៗទៅតាមប្រធានបទនានា»

CamDEBATE ២០២៤ មានការចូលរួមគាំទ្រពីស្ថាប័ននានាទាំងក្នុងស្រុក និងអន្តរជាតិរួមមាន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាន ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានទូតចក្រភពអង់គ្លេស សហភាពសហព័ន្ធយុវជនកម្ពុជា មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល មជ្ឈមណ្ឌលតេស្ត IDP IELTS សាលា Stafford House នៃ CATS Global Schools, RMIT University, Monash University, Swinburne University of Technology, Deakin University និង Macquarie University ជាដើម៕

ដើម្បីចូលរួម និងគាំទ្រ CamDEBATE ២០២៤ សូមចូលទៅកាន់ www.camdebate.org