(ខាយរ៉ូ)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់នៃប្រទេសអេហ្ស៊ីប បានប្រកាសពីតែងតាំងអតីតកីឡាករឆ្នើមរបស់ពួកគេ គឺបងប្អូនភ្លោះ (twin) ដែលមានត្រកូល Hossam ក្នុងការដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិ តពីលោក Rui Vitoria ដែលត្រូវបានដកតំណែងកាលសប្តាហ៍មុន។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឱ្យដឹងនៅថ្ងៃនេះថា បងប្រុស Hossam Hassan អតីតកីឡាកររកបានច្រើនគ្រាប់របស់អេហ្ស៊ីបនោះ ត្រូវបានតែងតាំងជានាយកបច្ចេកទេសកីឡារបស់ក្រុមជម្រើសជាតិ ស្របពេលប្អូនប្រុសរបស់លោកគឺ Hossam Ibrahim ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិ ជំនួសកៅអីលោក Rui Vitoria ក្រោយហាលអាវត្រឹមវគ្គ ១៦ក្រុមនៅ Africa Cup of Nations 2023 ដែលមានកូដឌីវ័រធ្វើម្ចាស់ផ្ទះ។

អេហ្ស៊ីប អតីតជើងឯកពានរង្វាន់ប្រចាំទ្វីបអាហ្រ្វិក ៧សម័យកាល និងជាជើងឯករងកាលឆ្នាំ២០២១ ផងនោះ បានប៉ះទង្គិចផ្លូវចិត្តជាខ្លាំង បន្ទាប់ពីចាញ់វគ្គប៉េណាល់ទីកាត់សេចក្តីទល់នឹងកុងហ្គោ បន្ទាប់ពីលេងស្មើគ្នា ១-១ នៃវគ្គចាញ់ធ្លាក់ ១៦ក្រុមចុងក្រោយនោះ។

នៅចាំបានថា បុរសវ័យ ៥៧ឆ្នាំ Hassan ធ្លាប់បានឈ្នះពាន Cup of Nations បាន ៣លើកផងដែរជាមួយអេហ្ស៊ីប ពោលគឺក្នុងឆ្នាំ១៩៨៦ ១៩៩៨ និងចុងក្រោយឆ្នាំ២០០៦ ទាំងដែលលោកស្ថិតក្នុងវ័យ ៣៩ឆ្នាំទៅហើយ ដោយស៊ុតបញ្ចូលទីបាន ៦៧គ្រាប់ ពីការចូលលេងបាន ១៧៣ប្រកួត ក្នុងរយៈពេល ២២ឆ្នាំ គ្រាដែលប្អូនប្រុសរបស់លោកគឺ Ibrahim ក៏បានចូលលេងជាង ១០០ប្រកួតក្នុងជម្រើសជាតិដែរ៕