(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Google ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ Alphabet បានយល់ព្រមបង់ប្រាក់ពិន័យចំនួន៣៥០លានដុល្លារ ដើម្បីបញ្ចប់បណ្តឹងរបស់ម្ចាស់ភាគហ៊ុន ដែលបានប្តឹងក្រុមហ៊ុននេះ ពាក់ព័ន្ធនឹងទិន្នន័យឯកជន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ដំណោះស្រាយនេះ បានកើតឡើងកាលពីល្ងាចថ្ងៃច័ន្ទសប្តាហ៍នេះ ក្រោយតុលាការសហព័ន្ធ San Francisco ចេញសេចក្តីសម្រេច និងបន្ទាប់ពីមានការសម្របសម្រួលអស់រយៈពេលជាង១ឆ្នាំ។ តាមរយៈបណ្តឹងគឺបានឲ្យដឹងថា ក្រុមហ៊ុន Google បានដឹងថាមានបញ្ហាធ្វើឲ្យបែកធ្លាយទិន្នន័យឯកជនរបស់ម្ចាស់ភាគហ៊ុនតាំងពីអំំឡុងខែមីនា ឆ្នាំ២០១៨មកម្ល៉េះ ខណៈទិន្នន័យទាំងនោះ គឺចំពោះអ្នកប្រើប្រាស់កម្មវិធី Google+ ប៉ុន្តែក្រុមហ៊ុនបានលាក់បាំងបញ្ហានេះជាច្រើនខែ ស្របពេលដែលក្រុមហ៊ុននៅតែធានាអះអាងថា នឹងការពារទិន្នន័យឯកជនឲ្យបានល្អ។

ក្រោយមានព័ត៌មាននេះកើតឡើង បានធ្វើឲ្យភាគហ៊ុនរបស់ Alphabet ដែលជាមេធំរបស់ Google ធ្លាក់ចុះជាបន្តបន្ទាប់ និងបានបាត់បង់តម្លៃទីផ្សាររាប់សិបពាន់លានដុល្លារ។ តែយ៉ាងណា នៅពេលនេះ បញ្ហាគឺត្រូវបានដោះស្រាយហើយ តាមរយៈទឹកប្រាក់ ៣៥០លានដុល្លារ៕