(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនមេ TikTok គឺ Bytedance បានឱ្យដឹងថា លោកស្រី Zhang Nan ដែលជានាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Douying Group បានលាលែងពីតំណែង បន្ទាប់ពីការចូលបម្រើការងារអស់រយៈពេល ១០ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤។

Douyin Group គឺជាក្រុមហ៊ុនបងប្អូនរបស់ TikTok ដែលគ្រប់គ្រងដោយ Bytedance ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីនធឺណិតពហុជាតិរបស់ចិន ដែលមានទីស្នាក់ការនៅទីក្រុងប៉េកាំង។ ពោលគឺ Douyin គឺជាវេទិកាវីដេអូខ្លីដ៏ពេញនិយម ឈានមុខគេ និងជាកម្មវិធីកម្សាន្តដ៏ធំបំផុតនៅក្នុងប្រទេសចិន ខណៈដែល TikTok គឺជាកំណែអន្តរជាតិ ដែលទទួលការគាំទ្រជុំវិញពិភពលោក។

យ៉ាងណាមិញបើយោងតាមបង្ហោះរបស់លោកស្រី Zhang នៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម WeChat បានឱ្យដឹងថា លោកស្រីនឹងចាកចេញពី Douying ប៉ុន្តែមិនចាកចេញពី Bytedance នោះទេ ខណៈលោកស្រីនឹងទៅចូលរួមជាមួយក្រុមថ្មីដែលមានឈ្មោះថា Jianying ត្រូវបានគេស្គាល់ដ៏ទូលំទូលាយថាជា CapCut ដែលជាកម្មវិធីកាត់តវីដេអូ នឹងស្ថិតនៅក្រោមការគ្រប់គ្រងពី Bytedance ដដែល។ តែយ៉ាងចំណោះការចូលទៅកាន់ក្រុមថ្មីនោះលោកស្រីមិនបានបង្ហាញពីតួនាទីនោះទេ តែបង្ហើបឱ្យដឹងថា នៅទីនោះលោកស្រីនឹងជួយបង្កើនផលក្នុងយុគសម័យបញ្ញាសិប្បនិម្មិត្ត។

គួរជម្រាបដែរថា បន្ទាប់ពីលោកស្រី Zhang Nan លាលែងពីតំណែងជា CEO នៃ Douyin Group ក្រុមហ៊ុនមេ Bytedance មិនបានតែងតាំង CEO ថ្មីទេ។ ផ្ទុយទៅវិញ អាជីវកម្មរបស់ក្រុមនេះ ត្រូវបានគេរំពឹងថា នឹងត្រូវបានគ្រប់គ្រងដោយប្រធានផ្នែកផ្សេងៗជាច្រើននៅក្នុងក្រុមហ៊ុន រួមមាន Han Shangyou ប្រធានក្រុមហ៊ុន Douyin និងអ្នកដឹកនាំផ្សេងទៀតដែលទទួលខុសត្រូវលើទិដ្ឋភាពអាជីវកម្មផ្សេងៗដូចជា ពាណិជ្ជកម្មអេឡិចត្រូនិក ការផ្សាយពាណិជ្ជកម្ម និងសេវាកម្មធានារ៉ាប់រងជាដើម៕