(ភ្នំពេញ)៖ ទស្សនិកជនជាច្រើននៅតែចង់ចាំ បទចម្រៀងដ៏ល្បីល្បាញដែលមានចំណងជើងថា «ស្រឡាញ់អ្វីដែលខ្មែរមាន» ខណៈថ្មីៗនេះតារាចម្រៀង ខេមរៈ សិរីមន្ត បានបំផុសបំផុលឲ្យមហាជនកាន់ចាប់អារម្មណ៍ និង គាំទ្រ អាវដែលច្នៃយ៉ាងប្រណិតមានបោះពុម្ពជាអក្សរខ្មែរថា «ស្រឡាញ់អ្វីដែលខ្មែរមាន»។ ជាមួយនឹងអាវដ៏ស្រស់ស្អាតនេះ តារាចម្រៀង ខេមរៈ សិរីមន្ត ក៏បានអំពាវនាវ រកដៃគូសហការលក់តាមបណ្ដាញអនឡាញជាមួយគ្នា ដើម្បីឲ្យមហាជនគាំទ្រផលិតផលរបស់ជាតិខ្មែរ។

តាមរយៈសាររបស់តារាចម្រៀង ខេមរៈ សិរីមន្ត បានសរសេររៀបរាប់នៅលើហ្វេសប៊ុក របស់លោកកាលពីប៉ុន្មានម៉ោងមុននេះថា «ចាប់ផ្តើមលក់ហើយ អាវ១តែ៧ដុល្លារទេ សាច់ស្អាតកប់ អាវរបស់ខ្មែរយើង ចូលឆ្នាំខ្មែរឆ្នាំនេះពាក់ទៅបាញ់ស្នេហ៍ ដឹងតែកប់សារីហើយ មានលក់ដុំនឹងរាយ ទាក់ទងលេខទូរសព្ទ័ ០១៦ ៤៤៤ ៤១៨»

បន្ទាប់ពីឃើញការប្រកាសរបស់តារាចម្រៀង ខេមរៈ សិរីមន្ត បែបនេះ បានធ្វើឲ្យមហាជនកាន់តែមានការចាប់អារម្មណ៍ខ្លាំង ទៅលើអាវគូស្នេហ៍ ដែលរចនាម៉ូដយ៉ាងស្រស់ស្អាត អមដោយអក្សរ «ខ្មែរ» ដែលមានខ្លឹមសារថា «ស្រឡាញ់អ្វីដែលខ្មែរមាន»។ ក្រៅពីតារាចម្រៀង ខេមរៈ សិរីមន្ត បំផុសបំផុលឲ្យមហាជនចាប់អារម្មណ៍អាវអក្សរខ្មែរ «ស្រឡាញ់អ្វីដែលខ្មែរមាន» ក្នុងនោះ ក៏មានតារាចម្រៀងនៅក្នុងផលិតកម្ម Galaxy Navatra ជាច្រើនរូបទៀត បានស៊ែរនូវម៉ូដអាវដ៏ស្រស់ស្អាតនេះផងដែរ។

គួរបញ្ជាក់ថា បទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» គឺជាបទមួយទទួលបានការចាប់អារម្មណ៍ខ្លាំង ពីមហាជនកាលពីប៉ុន្មានឆ្នាំមុន រហូតមកដល់បច្ចុប្បន្ន។ ស្ទើរគ្រប់កម្មវិធីផ្លូវការរបស់ជាតិ គេតែងតែឃើញ ចាក់បទចម្រៀង១បទនេះ ដើម្បីអបអរសាទរ គួរជាទីមោទនៈ។ ចំពោះការច្នៃម៉ូដអាវដោយដាក់អក្សរខ្មែរថា «ស្រឡាញ់អ្វីដែលខ្មែរមាន» នេះ គឺមិនមែនក្នុងគោលបំណងរកប្រាក់ចំណេញអ្វីនោះទេ ការធ្វើអាវនេះឡើង គឺគ្រាន់តែចង់រំឭក និងឲ្យបងប្អូនចងចាំនូវបទចម្រៀងដ៏ល្បី និងមានមានអត្ថន័យមួយបទនេះ ដែលច្រៀងដោយកំពូលតារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra៕