(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល បានជួបសំណេះសំណាលជាមួយនិស្សិត នៃ CamEd Business School និងតំណាងវិស័យសាធារណៈ និងក្រុមហ៊ុនឯកជនដើម្បីបង្ហាញពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា និង កត្តាសំខាន់ៗសម្រាប់ការវិនិយោគនៅកម្ពុជា។

ថ្លែងទៅកាន់និស្សិតនៅ CamEd Business School និងតំណាងវិស័យសាធារណៈ និងក្រុមហ៊ុនឯកជន លោកស៊ុន ចាន់ថុល បានលើកឡើងពីសារៈសំខាន់នៃវិស័យដឹកជញ្ជូន ក្នុងការកសាងសេដ្ឋកិច្ចរបស់ប្រទេស។ លោកបានបន្ថែមថា ប្រឡាយហ្វូណនតេជោ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរយុទ្ធសាស្ត្រដឹកជញ្ជូននៅកម្ពុជា ហើយនឹងជួយទាក់ទាញការវិនិយោគពីបរទេស។

លោកស៊ុន ចាន់ថុល បានបន្តថា៖ «ប្រទេសកម្ពុជាជាប្រទេសមានអំណោយផលដោយមានទន្លេមេគង្គ ទន្លេសាប បាសាក់ សេកុង សេសាន ទន្លេស្រែពក ជាដើម ប៉ុន្តែយើងមិនទាន់បានប្រើប្រាស់ផ្លូវទឹករបស់យើងឱ្យបានពេញលេញល្អបំផុតនៅឡើយ។ ប្រឡាយហ្វូណនតេជោនឹងក្លាយជាវិធីសាស្រ្តមួយ ដែលផ្លាស់ប្តូរការដឹកជញ្ជូនក្នុងប្រទេសកម្ពុជា ព្រោះយើងនឹងអាចដឹកជញ្ជូនផលិតផលដោយផ្ទាល់ពី (បេះដូងនៃប្រទេស) ទៅកាន់សមុទ្រកម្ពុជាដោយមិនចាំបាច់ឆ្លងកាត់ផ្លូវព្រំដែនរវាងកម្ពុជានិងវៀតណាម»

លោកបានបន្ថែមថា៖ «ប្រឡាយនេះនឹងតភ្ជាប់ទន្លេមេគង្គតាមទន្លេបាសាក់ ហើយនឹងចេញតាមខេត្តកែប ហើយបន្ទាប់មកពីកែបទៅកំពង់ផែកំពត ឬកំពង់ផែសៀមរាប ហើយនោះនឹងក្លាយជាការផ្លាស់ប្តូរល្អបំផុត។ ប្រឡាយនេះ នឹងជួយកាត់បន្ថយចម្ងាយផ្លូវដឹកជញ្ជូន និងសន្សំសំចៃពេលវេលាដឹកជញ្ជូនរវាងកំពង់ផែភ្នំពេញ និងកំពង់ផែវៀតណាម ឬនៅកំពត ឬសៀមរាប»

គម្រោងប្រឡាយហ្វូណនតេជោ នឹងសាងសង់ផ្លូវទឹកប្រវែង ១៨០ គីឡូម៉ែត្រ ដែលរត់ពីព្រែកតាកែវ នៃទន្លេមេគង្គ ទៅកាន់សមុទ្រ ក្នុងខេត្តកែប។ ប្រឡាយនេះនឹងឆ្លងកាត់តាមខេត្តចំនួន ៤ គឺខេត្តកណ្តាល តាកែវ កំពត និងកែប ដែលមានប្រវែង ១៨០ គីឡូម៉ែត្រ។

ប្រឡាយនេះ ត្រូវបានគេរំពឹងថានឹងមានជម្រៅ ៥,៤ ម៉ែត្រ និងមានទទឹងរហូតដល់ ១០០ ម៉ែត្រ។

ក្នុងឱកាសថ្លែងសុន្ទរកថាទៅកាន់អ្នកចូលរួម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណចំពោះគោលនយោបាយដែលបានកំណត់ដោយរដ្ឋាភិបាលកម្ពុជាផងដែរ។

ក្នុងកិច្ចសុន្ទរកថារបស់លោក ប្រធានក្រុមប្រឹក្សាភិបាលនៃ CamEd Business School លោកបណ្ឌិត ព្រំ វីរៈ បានថ្លែងថា៖ «ថ្ងៃនេះ យើងមានកិត្តិយសណាស់ដែលមានការចូលរួមពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលលោកបង្ហាញយើងទាំងអស់គ្នានូវចក្ខុវិស័យសម្រាប់អនាគតសេដ្ឋកិច្ច របស់ព្រះរាជាណាចក្រកម្ពុជា»

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានឆ្លើយសំណួរពីអ្នកចូលរួមក្នុងកម្មវិធីរយៈពេលមួយម៉ោង ដែលបានធ្វើឡើងនៅ CamEd Business School ផ្លូវលេខ ១០៨ ក្នុងទីក្រុងភ្នំពេញ។

CamEd គឺជាគ្រឹះស្ថានឧត្តមសិក្សា ដែលមានការទទួលស្គាល់លើការអប់រំលើមុខជំនាញ គណនេយ្យ និងហិរញ្ញវត្ថុ និងទទួលបានការទទួលស្គាល់គុណភាពជាអន្តរជាតិពីសមាគមគណនេយ្យករជំនាញ (ACCA) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។

CamEd ក៏ជាគ្រឹះស្ថានឧត្តមសិក្សាដំបូង និងតែមួយគត់ក្នុងប្រទេសកម្ពុជាដែលទទួលបានការទទួលស្គាល់ពេញលេញលើកម្មវិធីសិក្សាបរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ ដោយ ACBSP នៅសហរដ្ឋអាមេរិក។ ការទទួលស្គាល់នេះ មានសុពលភាពរយៈពេល ១០ ឆ្នាំ។ លោកគ្រូអ្នកគ្រូ និងសាស្រ្តាចារ្យទាំងអស់នៃសាលា CamEd Business School ក៏ត្រូវបានទទួលស្គាល់ដោយ ACBSP យ៉ាងពេញលេញផងដែរ។ នេះគឺជាមោទនភាពរបស់កម្ពុជា។

បេសកកម្មរបស់CamEdគឺ «ដើម្បីផ្តល់ការអប់រំថ្នាក់ឧត្តមសិក្សាដែលផ្តោតលើអាជីវកម្ម ជំរុញទៅរកគុណវុឌ្ឍិនៃគុណភាព និងការទទួលស្គាល់ជាអន្តរជាតិ»។ អតីតនិស្សិត ដែលបានបញ្ចប់ការសិក្សានៅ CamEd Business School បានក្លាយជាសហគ្រិន និងប្រធានផ្នែកឧស្សាហកម្មល្បីៗជាច្រើនរបស់កម្ពុជា៕