(ភ្នំពេញ)៖ ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (ស៊ីអាយស៊ី ផាតនើរ) សូមបដិសេធ និងច្រានចោលទាំងស្រុងនូវព័ត៌មានមិនពិតស្តីអំពីក្រុមហ៊ុន ស៊ីអាយស៊ី ផាតនើរ ដែលបានចុះផ្សាយដោយសារព័ត៌មានបរទេស តាមរយៈអត្ថបទសារព័ត៌មានកាល ពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ព្រមទាំងវីដេអូក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook Live) នាយប់ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។
តាមរយៈសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ព័ត៌មានមិនពិតទាំងអស់នោះ មានចរិតជាការចោទប្រកាន់ ទម្លាក់កំហុសដោយគ្មានមូលដ្ឋាន គ្មានព័ត៌មានច្បាស់លាស់ ផ្ទុយស្រឡះពីការពិត។ ជាក់ស្តែងវិនិយោគិននៃក្រុមហ៊ុន ស៊ីអាយស៊ី ផាតនើរ បានទទួលអត្ថប្រយោជន៍ពីការវិនិយោគក្នុងអត្រា សមហេតុសមផលជាយូរមកហើយ។ ការចុះផ្សាយព័ត៌មានមិនពិតនេះ បានធ្វើឲ្យរាំងស្ទះដល់ដំណើរការដោះស្រាយ និងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ផលប្រយោជន៍របស់វិនិយោគិន។
ក្រុមហ៊ុន ស៊ីអាយស៊ី ផាតនើរ សូមបញ្ជាក់សារជាថ្មីឡើងវិញថា ក្រុមហ៊ុននៅតែបន្តដំណើរការធម្មតា និងរក្សាជានិច្ចនូវជំហរម៉ឺងម៉ាត់ក្នុងការធ្វើការជាមួយភាគីពាក់ព័ន្ធ ជាពិសេសវិនិយោគិន និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការការពារផលប្រយោជន៍របស់វិនិយោគិនគ្រប់រូប ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
ក្រុមហ៊ុន ស៊ីអាយស៊ី ផាតនើរ នឹងស្នើដល់ស្ថាប័ន និងអង្គភាពជំនាញពាក់ព័ន្ធ បើកការស៊ើបអង្កេតស្រាវជ្រាវ ស្វែងរកជនល្មើស រួមទាំងបក្ខពួកដែលផ្តល់ និងផ្សព្វផ្សាយព័ត៌មានមិនពិតនេះ នាំឲ្យប៉ះពាល់ដល់ក្រុមហ៊ុន និងផលប្រយោជន៍របស់វិនិយោគិន មកចាត់វិធានការយ៉ាងតឹងរឹងតាមច្បាប់ជាធរមាន ដើម្បីជៀសវាងការភ័ន្តច្រឡំ ដោយសារព័ត៌មានបំពុលនេះ។
ក្រុមហ៊ុន ស៊ីអាយស៊ី ផាតនើរ ក៏នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលណាដែលបន្តផ្តល់ និងផ្សព្វផ្សាយព័ត៌មានដែលមិនមែនជាការពិត ធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះក្រុមហ៊ុន ឬខាត ប្រយោជន៍របស់វិនិយោគិន។ សូមសាធារណជន អ្នកសារព័ត៌មាន ពិសេសអ្នកប្រើបណ្តាញសង្គម មេត្តាកុំបន្តចែក រំលែកព័ត៌មានមិនពិតទាំងនេះ ដើម្បីជៀសវាងផលប៉ះពាល់ជាអវិជ្ជមានដល់ក្រុមហ៊ុន វិនិយោគិន និងសង្គម។
ករណីវិនិយោគិនមានចម្ងល់ ឬត្រូវការបញ្ជាក់ពីក្រុមហ៊ុនស៊ីអាយស៊ី ផាតនើរ សូមទាក់ទងមកក្រុមហ៊ុនផ្ទាល់ ឬតាមរយៈតេឡេក្រាម+855 77 870 056 ឬអ៊ីម៉ែល [email protected]៕