(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបើកវគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពីរដ្ឋបាលកីឡា ដើម្បីជំរុញការយល់ដឹងពីសិទ្ធិអំណាចក្នុងការចាត់ចែងការងារកីឡា ដល់មន្ដ្រីសហព័ន្ធកីឡាជាតិ ឆ្ពោះទៅប្រសិទ្ធភាព ក្នុងការគ្រប់គ្រង និងដឹកនាំ នៃសហព័ន្ធកីឡានីមួយៗ ។

វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្រោមវត្តមានលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC ដែលមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១២-១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានសិក្ខាកាម ៥៨នាក់ មកពី ៥៥សហព័ន្ធកីឡាជាតិ និងមន្ដ្រីថ្មីៗរបស់ NOCC ចូលរួម ក្រោមការឧបត្ថម្ភគាំទ្ររបស់អង្គការសាមគ្គីអូឡាំពិក ។

លោក វ៉ាត់ ចំរើន មានប្រសាសន៍ថា វគ្គនេះ ផ្ដោតការយកចិត្តទុកដាក់ទៅលើប្រព័ន្ធនៃការរដ្ឋបាលរបស់ចលនាកីឡា ទាំងក្នុង និងក្រៅប្រទេស មកបង្ហាញដល់សិក្ខាកាមចូលរួម ដើម្បីស្វែងយល់ពីឋានានុក្រម និងយល់ច្បាស់ពីសិទ្ធិនៃអំណាចក្នុងការចាត់ចែងការងារកីឡា ក៏ដូចជារចនាសម្ព័ន្ធនៃការគ្រប់គ្រងរដ្ឋបាលកីឡានៅក្រៅប្រទេសផងដែរ ។

លោកថា «វគ្គរដ្ឋបាលកីឡានេះ ផ្តោតលើរចនាសម្ព័ន្ធនៃអំណាចសាធារណៈរបស់កីឡា ទាំងក្នុង និងក្រៅប្រទេស ដើម្បីបញ្ជ្រាសារ និងការយល់ដឹងដល់សិក្ខាកាម អំពីចលនាកីឡា ប្រវត្តិនៃការកកើតឡើងរបស់កីឡាអូឡាំពិក និងយល់ដឹងអំពីរបៀបរបបការងាររបស់សហព័ន្ធ ពិសេសគឺការធ្វើឲ្យមន្ដ្រីរបស់សហព័ន្ធ និងមន្ដ្រីកីឡា ដែលត្រូវយល់ដឹងនូវភាពជាអ្នកដឹកនាំក្នុងវិស័យកីឡា»

ភាពជាអ្នកដឹកនាំកីឡា គឺផ្តោតទាំងមេរៀនទូទៅ នៃភាពជាអ្នកដឹកនាំ និងជំនាញឯកទេស នៃការដឹកនាំ និងគ្រប់វិស័យកីឡា ដែលស្របតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការធ្វើកំណែទម្រង់តាមអង្គភាព ពិសេសធ្វើបច្ចុប្បន្នកម្មកីឡាជាប្រចាំ ដើម្បីរុញឲ្យប្រសិទ្ធភាព និងលទ្ធផលជាក់ស្ដែងក្នុងវិស័យកីឡា មានសន្ទុះ និងការវិវឌ្ឍន៍ពិតប្រាកដ ។ លោក វ៉ាត់ ចំរើន បន្ថែម ។

គួរដឹងថា ពិធីបិទវគ្គរដ្ឋបាលកីឡានេះ នឹងធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធាន NOCC ។ ចំពោះសិក្ខាកាមចូលរួមសិក្សាវគ្គនេះ នឹងត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ ដ្បិតវិញ្ញាបនបត្រសិក្សា នឹងត្រូវចេញដោយគណៈកម្មាធិការអូឡាំពិកអន្ដរជាតិផង និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផង ដែលមានការទទួលស្គាល់ជាសកលក្នុងចលនាអូឡាំពិកអន្ដរជាតិ ៕