(ភ្នំពេញ)៖ លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន បានពោលថា ក្នុងបាល់ទាត់អ្វីៗក៏អាចកើតឡើងដែរ ។ នេះគឺជាការលើកឡើងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃច័ន្ទនេះ មុនក្រុមសិង្ហក្រហម ត្រូវជួបក្រុមខ្លាំង Central Coast Mariners FC របស់អូស្ដ្រាលី ក្នុងវគ្គ Knockout Stage ឬវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រចាំតំបន់អាស៊ាន នៃពានរង្វាន់ AFC Cup 2023/24 នាល្ងាចថ្ងៃទី១៣ ខែកុម្ភៈស្អែក នៅទីក្រុងស៊ីដនី។

គ្រូបង្វឹកក្រុមបាល់ទាត់ដំបូងគេរបស់កម្ពុជា ដែលឡើងវគ្គ Knockout Stage នៃពានកម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះ បញ្ជាក់ថា «យើងបានចំណាយពេលវេលា និងកម្លាំងច្រើនដែរសម្រាប់ការមកដល់ទីនេះ ប៉ុន្តែយើងក៏មានភាពរំភើបដូចគ្នា។ ការប៉ះគ្នាជាមួយ Central Coast Mariners គឺនឹងមានភាពតានតឹងជាមួយនឹងការប្រកួតប្រជែងខ្ពស់។ នេះជាការប្រកួតដែលលេងតែមួយប្រកួត ក្នុងការជ្រើសរើសអ្នកឈ្នះឡើងទៅវគ្គបន្ត»

បុរសជនជាតិអ៊ុយក្រែនដដែលបន្ដថា «វានឹងក្លាយទៅជាការប្រកួតដ៏អស្ចារ្យ ព្រោះក្រុមអូស្រ្តាលី(Central Coast Mariners)នេះ គឺជាក្រុមមួយដែលលេចធ្លោរ បើយើងប្រៀបធៀបជាមួយក្រុមផ្សេងៗទៀត។ ក្នុងបាល់ទាត់អ្វីៗក៏អាចកើតមានឡើងដែរ យើងសង្ឃឹមថាយើងនឹងអាចធ្វើវាបាន ព្រោះគ្រប់គ្នាដែលមកទីនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីការប្រកួត»

គួរដឹងថា ភ្នំពេញក្រោន គឺជាក្លិបបាល់ទាត់តំណាងកម្ពុជាដំបូងគេ ដែលបានឡើងដល់វគ្គ Knockout Stage នៃពានរង្វាន់ AFC Cup ។ សម្រាប់ការប្រកួតជាមួយក្រុម Central Coast Mariners នឹងធ្វើឡើងកីឡដ្ឋាន Industree Group នាទីក្រុងស៊ីដនី ប្រទេសអូស្ដ្រាលី នាវេលាម៉ោង ៤ល្ងាច(ម៉ោងនៅកម្ពុជា) ហើយការប្រកួតចាញ់ធ្លាក់នេះ ក៏នឹងមានផ្សាយបន្ដផ្ទាល់ដោយស្ថានីយ៍ទូរទស្សន៍ BTV-News ផងដែរ៕