(ណៃរូប៊ី)៖ កីឡាករកាន់ឯតទគ្គកម្មពិភពលោករត់ម៉ារ៉ាតុងផ្នែកបុរស សញ្ជាតិកេនយ៉ា Kelvin Kiptum វ័យ ២៤ឆ្នាំ បានស្លាប់ហើយ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរតាមដងផ្លូវ ក្នុងប្រទេសកំណើតរបស់លោក។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកបានស្លាប់ ជាមួយនឹងគ្រូបង្វឹករបស់លោក គឺលោក Gervais Hakizimana សញ្ជាតិរវ៉ាន់ដា នៅក្នុងរថយន្តមួយគ្រឿង ស្ថិតនៅតាមដងផ្លូវ ភាគខាងលិចប្រទេសកេនយ៉ាកាលពីថ្ងៃអាទិត្យ។

កីឡាករ Kiptum បានបំបែកឯតទគ្គកម្ម ក្នុងឆ្នាំ២០២៣ ក្នុងនាមជាគូប្រជែងមិត្តរួមសញ្ជាតិ Eliud Kipchoge ជាកីឡាកររត់ម៉ារ៉ាតុងម្នាក់ ក្នុងចំណោមកីឡាកររត់ម៉ារ៉ាតុងដ៏អស្ចារ្យបំផុត។

Kiptum ធ្វើបានល្អជាងឯតទគ្គកម្មរបស់ Kipchoge ដោយរត់ចម្ងាយ ៤២គីឡូម៉ែត្រ ចំណាយពេលត្រឹមតែ ២ម៉ោង និង៣៥វិនាទីប៉ុណ្ណោះ នៅទីក្រុង Chicago កាលពីខែតុលាឆ្នាំមុន។

អត្តពលិកទាំង ២នាក់នេះ ត្រូវបានដាក់ឈ្មោះ ចូលក្នុងក្រុមជម្រើសជាតិម៉ារ៉ាតុងបណ្តោះអាសន្ន របស់កេនយ៉ា សម្រាប់ព្រឹត្តិការណ៍ Paris Olympics នៅប្រទេសបារាំងចុងឆ្នាំនេះ។

តាមការឱ្យដឹងពីប៉ូលិស ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណម៉ោង ១១យប់ (ម៉ោងក្នុងតំបន់) នាថ្ងៃអាទិត្យ ដោយកីឡាករ Kiptum បានបើកបររថយន្ត ហើយបាត់បង់ម្ចាស់ការ ធ្លាក់រថយន្តចូលក្នុងប្រឡាយ ចម្ងាយប្រមាណ ៦០ម៉ែត្រ មុនពេលទៅបុកដើមឈើធំមួយដើម។

​​ប៉ូលិសបន្តថា Kiptum និង Hakizimana បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈមនុស្សទី៣ ដែលជាស្ត្រីវ័យក្មេងម្នាក់ បានរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីទទួលការព្យាបាល៕