(ភ្នំពេញ)៖ ក្រុមជើងឯកលីគកំពូលកម្ពុជា ភ្នំពេញក្រោន នឹងត្រូវជួបក្រុមខ្លាំងអូស្ដ្រាលី Central Coast Mariners នាវេលាម៉ោង ៤ល្ងាចថ្ងៃទី១៣ ខែកុម្ភៈនេះ នៅកីឡដ្ឋាន Industree Group នាទីក្រុងស៊ីដនី ក្នុងវគ្គ Knockout Stage ឬវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រចាំតំបន់អាស៊ាន នៃពានរង្វាន់ AFC Cup 2023-2024។
នេះគឺជាលើកដំបូងហើយ ដែលក្លិបបាល់ទាត់របស់កម្ពុជា គឺក្លិបភ្នំពេញក្រោន បានឡើងដល់វគ្គ Knockout នៃពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ី។ ដូច្នេះចាំមើលតើក្រុមសិង្ហក្រហម អាចបន្ថែមកំណត់ត្រាថ្មី ក្នុងការយកឈ្នះក្រុមខ្លាំងអូស្ដ្រាលី Central Coast Mariners ឡើងទៅវគ្គផ្ដាច់ព្រ័ត្រប្រចាំតំបន់អាស៊ានបានទេល្ងាចនេះ?
ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត លោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានបង្ហាញពីការត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតដ៏សំខាន់ល្ងាចនេះ ទោះបីលោកទទួលស្គាល់ក្រុម Central Coast Mariners គឺជាក្រុមលេចធ្លោមួយ បើធៀបជាមួយក្រុមផ្សេងៗក៏ដោយ។ លោកថា ការប្រកួតនេះ នឹងមានភាពតានតឹង ជាមួយនឹងការប្រកួតប្រជែងខ្ពស់ ព្រោះលេងតែមួយប្រកួត ដើម្បីយកក្រុមឈ្នះឡើងវគ្គបន្ដតែម្តង។
រីឯលោក Mark Jackson គ្រូបង្វឹកក្រុម Central Coast Mariners ក៏មិនមើលស្រាលដៃគូដែរ ព្រោះក្រុមឡើងមកដល់វគ្គនេះ សុទ្ធតែជាក្រុមមានការប្រកួតប្រជែង ជាក់ស្ដែងក្រោន មានកីឡាករគ្រោះថ្នាក់មួយចំនួន ពិសេសមានខ្សែប្រយុទ្ធដ៏មុតស្រួច ដែលអាចរកគ្រាប់បាល់បាន។ ហេតុនេះ លោកក៏បានត្រៀមយុទ្ធសាស្ដ្ររួចរាល់ ដើម្បីទប់ទល់ភាពគ្រោះថ្នាក់របស់ក្រុមជើងឯកលីគកំពូលកម្ពុជា ៨សម័យនេះផងដែរ។
គួរដឹងថា មុនជួបក្រុម Central Coast Mariners ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រចាំតំបន់អាស៊ាន នៃពានរង្វាន់ AFC Cup 2023/24 ល្ងាចនេះ ភ្នំពេញក្រោន ក៏ធ្លាប់បានជួបក្រុមខ្លាំងអូស្ដ្រាលី ក្នុងវគ្គចែកពូលផងដែរ គឺក្រុម Macarthur FC ដោយជួបគ្នា ២ជើង ឈ្នះក្នុងដីម្ដងម្នាក់ ពោលគឺជើងទី១ ភ្នំពេញក្រោន ៣-០ និងជើងទី២ ក្រុម Macarthur FC ឈ្នះ ៥-០ វិញ៕