(បរទេស)៖ តាមការចេញផ្សាយរបស់សារព័ត៌មាន Arena EV បានឲ្យដឹងថា តុលាការកាលីហ្វ័រញ៉ា បានចេញសេចក្តីសម្រេចលើករណីបុរសម្នាក់ឈ្មោះ Xiaolang Zhang ដែលជា អតីតបុគ្គលិកក្រុមហ៊ុន Apple ឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ប៉ុន្តែត្រូវអនុវត្តន៍ទោសរយៈពេល៤ខែ និងតម្រូវឱ្យបង់ប្រាក់សំណងនៃការខូចខាតចំនួន ១៤៦,៩៨៤ដុល្លារ ក្រោយរកឃើញថា បានធ្វើឲ្យបែកធ្លាយឯកសារសម្ងាត់ក្រុមហ៊ុន។

ករណីបែកធ្លាយឯកសារសម្ងាត់ទាក់ទងនឹងបច្ចេកវិទ្យារថយន្តអគ្គិសនី ស្ថិតក្នុងគម្រោង «Project Titan» របស់ Apple បានកើតឡើងតាំងពីឆ្នាំ២០១៨មកម្ល៉េះ ហើយក្រុមស៊ើបការសម្ងាត់របស់សហរដ្ឋអាមេរិក (FBI) និង Apple បានចាប់ផ្តើមសហការគ្នាស៊ើបអង្កេតលើបញ្ហានេះ រហូតឈានដល់ការរកឃើញថា លោក Xiaolang Zhang ទំនងជាបានលួចឯកសារអាថ៌កំបាំងទាក់ទងនឹងពាណិជ្ជកម្មរបស់ក្រុមហ៊ុនទាក់ទងនឹង Project Titan ដែលជាគម្រោងការធំរបស់ Apple ដែលត្រូវបានគេដឹងថាជាគម្រោងសំដៅទៅលើការផលិតបច្ចេកវិទ្យារថយន្តអគ្គិសនី (EV) ឆ្លាតវៃនាពេលអនាគតរបស់ Apple ។

ក្រោយមកភ័ស្តុតាងអំពីសកម្មភាពរបស់លោក Zhang បានលេចឡើងពីសកម្មភាពតាមរយៈបណ្តាញរបស់គាត់នៅក្រុមហ៊ុន Apple និងឧបករណ៍ Apple របស់គាត់ដែលគាត់បានប្រើនាអំឡុងពេលបំពេញការងារនៅក្នុងក្រុមហ៊ុន Apple។ លោក Xiaolang Zhang បានធ្វើការជាវិស្វករលើផលិតផលផ្សេងៗនៅក្នុង Project Titan។ ក្រោយការរកឃើញ និងបង្ហាញភស្តុតាង ចុងក្រោយលោក Zhang ក៏បានសារភាពកំហុសរបស់ខ្លួន ហើយការកាត់ទោសក៏បានសម្រេចធ្វើឡើងនៅពេលនេះ៕