(អាប៊ីចាន)៖ អ្នកគាំទ្រ ក៏ដូចជាប្រជាជននៃប្រទេសកូដឌីវ័រមានដល់ទៅជាង ៣០០,០០០នាក់ បានចេញមកអបអរសាទរតាមដងផ្លូវនានាក្នុងទីក្រុង Abidjan បន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិផ្នែកបុរសរបស់ពួកគេ ដណ្តើមបានជើងឯកពានរង្វាន់ប្រចាំទ្វីបអាហ្រ្វិក Africa Cup of Nations 2023។

ពួកគេបានធ្វើពិធីផ្សេងៗនៅដងផ្លូវ ដើម្បីជាការអបអរដល់ក្រុមដំរីកូដឌីវ័រ ក្នុងការឈ្នះជើងឯកពាន ២ឆ្នាំម្តង ជំនាន់ទី៣៤ ក្នុងនាមជាម្ចាស់ផ្ទះផងដែរ ក្រោយឈ្នះក្រុមខ្លាំងនីហ្សេរីយ៉ា ២-១ នៅវគ្គផ្តាច់ព្រ័ត្រកាលពីរាត្រីថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីលានដែលស្ថិតក្នុងទីក្រុង Abidjan និងគម្រប់លើកទី៣ ស្មើនឹងគូប្រជែងផងដែរ ក្នុងការឈ្នះពានកម្រិតតំបន់មួយនេះ។

ជាការកត់សម្គាល់ក្នុងការលេង ៧ប្រកួតរហូតដល់ឈ្នះជើងឯក Cup of Nations 2023 ដែលត្រូវបានពន្យារពេល ១ឆ្នាំ ដោយសារវិបត្តិកូវីដ-១៩ ម្ចាស់ផ្ទះកូដឌីវ័រមិនទំនងក្លាយជាជើងឯកឡើយ តាមរយៈលេងចាញ់ ២ប្រកួតក្នុងពូល A ក្នុងនាមជាក្រុមលេខ៣ ល្អពីក្នុងវគ្គ ២៤ក្រុម និងបានបញ្ចប់តំណែងគ្រូបង្វឹកតាំងពីពាក់កណ្តាលទីផងដែរ ដោយតែងតាំងលោក Emerse Fae គ្រូយុវជនមកដឹកនាំជាបណ្តោះអាសន្នវិញ និងជាលើកដំបូងក្នុងការដឹកនាំឈុតធំសម្រាប់លោកដែរ។ នេះយោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះ៕