(បរទេស)៖ ការិយាល័យរបស់ក្រុមហ៊ុន Huawei នៅប្រទេសបារាំង ត្រូវបានឆ្មក់ចូលដោយរដ្ឋអាជ្ញាផ្នែកហិរញ្ញវត្ថុ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតបឋមដែលធ្វើឡើងដោយការិយាល័យរដ្ឋអាជ្ញាផ្នែកហិរញ្ញវត្ថុ ជុំវិញការចោទប្រកាន់ថាបាន «រំលោភលើសុជីវធម៌» ដែលមានជាប់ទាក់ទងទៅនឹងបទល្មើសដូចជា អំពើពុករលួយ បក្សពួកនិយម និងការជួញដូរ។ ការវាយឆ្មក់នេះបានកើតឡើងកាលពីថ្ងៃអង្គារ សប្តាហ៍មុន ហើយក្រុមហ៊ុន Huawei បានបញ្ជាក់ថា ខ្លួនកំពុងសហការយ៉ាងពេញទំហឹងជាមួយអាជ្ញាធរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena។

យ៉ាងណាមិញទាក់ទិននឹងបញ្ហានេះ ប្រភពមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការស៊ើបអង្កេតនេះទេ ខណៈការស៊ើបអង្កេតបឋមនេះ ក៏មិនបានបង្ហាញពីអំពីកំហុសណាមួយនោះឡើយ។

អ្នកនាំពាក្យក្រុមហ៊ុន Huawei បានឆ្លើយតបដោយរំលឹកថា Huawei បានវិនិយោគរាប់លាន ទៅលើការស្រាវជ្រាវនៅក្នុងប្រទេសបារាំង ហើយថារោងចក្រផលិតឧបករណ៍ទំនាក់ទំនងឥតខ្សែមានតម្លៃរាប់ពាន់លានដុល្លារនឹងដំណើរការនៅឆ្នាំ២០២៥ ខាងមុខនេះ។ រំលឹកទៅឆ្នាំ២០២០ កន្លងទៅ ក្រុមហ៊ុន Huawei ក៏ធ្លាប់បានប្រកាសដែរថា ខ្លួននឹងសាងសង់រោងចក្រថ្មីមួយនៅបារាំង ជាមួយនឹងការវិនិយោគប្រមាណ ២០០លានអឺរ៉ូ (ប្រហែល ២១៥លានដុល្លារ) និងផលិតផលិតផលដែលមានតម្លៃប្រមាណ ១ពាន់លានអឺរ៉ូ (១.០៨ ពាន់លានដុល្លារ) ជារៀងរាល់ឆ្នាំថែមទៀត ហើយរោងចក្រនឹងផ្តល់ការងារ និងប្រាក់ចំណូលដល់សហគមន៍បារំាង ដូច្នេះវាគ្មានហេតុផលណាមួយដែលថា ក្រុមហ៊ុន Huawei ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងនោះទេ។

អ្នកនាំពាក្យបានគូសបញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុន «Huawei បានឈរជើងនៅក្នុងប្រទេសបារាំងអស់រយៈពេលជាង ២០ឆ្នាំមកហើយ ហើយតែងតែគោរពច្បាប់ និងបទប្បញ្ញត្តិដែលបានចែងនៅក្នុងប្រទេសឥតចន្លោះនោះទេ»៕